ភ្នំពេញ៖ ចិន និងកម្ពុជា បានចាប់ផ្តើមសមយុទ្ធមនុស្សធម៌រួមគ្នារយៈពេល ១៣ថ្ងៃ ដែលមានឈ្មោះថា «ទេវតាសន្តិភាព ២០២៣»។ក្រុមគ្រូពេទ្យយោធាចិនមួយក្រុមបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់សមយុទ្ធរួមគ្នាក្នុងគោលបំណងពង្រឹងសមត្ថភាពប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរជំនាញក្នុងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ និងការគ្រប់គ្រងជំងឺឆ្លងផ្សេងៗ។
ក្នុងអំឡុងពេលសមយុទ្ធរយៈពេល ១៣ ថ្ងៃ ពេទ្យយោធាចិននឹងផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ទាហាន និងប្រជាជនកម្ពុជា រួមជាមួយបុគ្គលិកពេទ្យ និងជំនួយនៃកងយោធពលខេមរភូមិន្ទ។ទាហានចិន និងកម្ពុជាជាង ៧០០នាក់ បានចូលរួមក្នុងសមយុទ្ធនេះ ដែលគ្របដណ្តប់លើការពិគ្រោះយោបល់ផ្នែកវេជ្ជសាស្រ្ដ ការផ្លាស់ប្តូរការសិក្សា និងការការពារនៃការវាយលុករបស់សត្រូវ។
អ្នកចូលរួមជនជាតិចិនត្រូវបានជ្រើសរើសជាចម្បងពីសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាកងទ័ពអាកាសរបស់កងទ័ពរំដោះប្រជាជនចិន (PLA) និងមន្ទីរពេទ្យកងទ័ពអាកាសនៃបញ្ជាការភាគខាងលិច។ កម្ពុជាបានស្វាគមន៍ទាហានចិនយ៉ាងកក់ក្ដៅជាទីបំផុត។
លោកវរសេនីយ៍ឯក Zhang Yi ប្រធានក្រុមវេជ្ជសាស្រ្ដនៃសមាជិកបេសកកម្មចិនបានឲ្យដឹងថា "ក្នុងអំឡុងពេលសមយុទ្ធនេះ យើងនឹងអនុវត្តជាចម្បងនូវបញ្ជាការជំនួយផ្នែកវេជ្ជសាស្រ្តរួម ការបញ្ជូនកម្លាំងរួមគ្នា ការសម្របសម្រួលការដាក់ពង្រាយ និងការជួយសង្គ្រោះនៅនឹងកន្លែងជាមួយក្រុមគ្រូពេទ្យកម្ពុជា។ លោកបន្ថែមថាសមយុទ្ធទេវតាសន្តិភាព២០២៣នេះក៏រួមបញ្ជូលជាមួយការការពារ និងគ្រប់គ្រងជំងឺឆ្លង ដើម្បីបង្កើនសមត្ថភាពសម្របសម្រួលនៃផ្នែកវេជ្ជសាស្រ្ត និងការគាំទ្រគ្នារវាងយោធាទាំងពីរប្រទេស។
សមយុទ្ធរួមនេះក៏មានការចូលរួមពីយន្តហោះសង្គ្រោះបន្ទាន់ Y-9 និងយន្តហោះដឹកជញ្ជូន Y-20 ផងដែរ ដែលនេះជាលើកទីមួយសម្រាប់យន្តហោះសង្គ្រោះបន្ទាន់របស់កងទ័ពអាកាសរបស់ប្រទេសចិន ដើម្បីបំពេញបេសកកម្មនៅក្រៅប្រទេស ហើយក៏ជាលើកទីមួយផងដែរសម្រាប់កងកម្លាំងអាកាសរបស់ប្រទេសចិនដែលចូលរួមក្នុងសមយុទ្ធនៅក្រៅប្រទេស។
ភាគីចិនបានបញ្ជូនយន្តហោះដឹកជញ្ជូន Y-20 ខ្នាតធំជាច្រើនគ្រឿង មកធ្វើសមយុទ្ធនេះ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ តាមនាយទាហានខ្មែរម្នាក់បានអះអាងថាខ្ញុំសង្ឃឹមថា តាមរយៈសមយុទ្ធរួមគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ កងទ័ពទាំងពីរអាចផ្លាស់ប្តូរសកម្មភាពវិជ្ជមានជាច្រើនជាមួយគ្នា ខ្ញុំជឿជាក់យ៉ាងមុតមាំថា សមយុទ្ធរួមនេះនឹងពង្រឹងសមត្ថភាពសង្គ្រោះផ្នែកវេជ្ជសាស្រ្តរបស់ទាហានកម្ពុជា RCAF និងសមត្ថភាពទប់ទល់នឹងគ្រោះមហន្តរាយផ្សេងៗដែលអាចនឹងកើតមាន៕