មូស្គូ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅទស្សនារោងចក្រអាកាសចរណ៍មួយក្នុងប្រទេសរុស្សី ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ភាគខាងកើតរបស់រុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ពីរថ្ងៃបន្ទាប់ពីបានជួបលោកពូទីននៅកំពង់ផែអវកាសមួយ មានការរំពឹងទុកថាមេដឹកនាំទាំងពីរនឹងយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាមួយចំនួនទៀត។លោក គីម កំពុងស្ថិតនៅក្នុងទីក្រុងមួយ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់របស់រុស្ស៊ី ដើម្បីទៅទស្សនាក្រុមហ៊ុនអាកាសចរណ៍ដែលផលិតឧបករណ៍យោធា និងស៊ីវិល។
លោកពូទីនបាននិយាយតាមទូរទស្សន៍កាលពីថ្ងៃពុធថាលោកគីម "នឹងទៅទស្សនារោងចក្រដែលផលិតឧបករណ៍អាកាសចរណ៍ស៊ីវិលនិងប្រយុទ្ធ" នៅតំបន់ Komsomolsk-on-Amur ។ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ភាគខាងកើតរបស់រុស្ស៊ីបានកើតឡើង ខណៈដែលមន្ត្រីអាម៉េរិក និងអ្នកជំនាញបាននិយាយថា ទីក្រុងមូស្គូចាប់អារម្មណ៍ក្នុងការទិញគ្រាប់រំសេវរបស់កូរ៉េខាងជើង ដើម្បីប្រើប្រាស់ក្នុងជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលជាកិច្ចព្រមព្រៀងអាវុធដែលនឹងប្រឆាំងនឹងទណ្ឌកម្មពិភពលោក។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចរបស់លោក គីម នឹងមានរយៈពេលពីរបីថ្ងៃទៀត ដោយលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕