បាងកក៖ គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ នៅថ្ងៃទី ១៣ កញ្ញានេះ បានសម្រេចអនុម័តជាផ្លូវការលើកលែងទិដ្ឋាការរយៈពេល៥ខែសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ដើម្បីស្តារនូវកំណើតវិស័យទេសចរណ៍ក្នុងស្រុកក្រោយវិបត្តិជំងឺកូវីដ-១៩។ក្រៅពីនេះរដ្ឋាភិបាលថ្មីរបស់ថៃថែមទាំងបានដាក់ចេញនូវវិធានការជាច្រើនផ្សេងទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋថៃ តាមរយៈបន្ថយនូវតម្លៃប្រេងម៉ាស៊ូត និងអគ្គិសនីផងដែរ។
តាមការគ្រោងទុកនៅព្រឹកថ្ងៃទី ១៣ កញ្ញានេះ គណៈរដ្ឋមន្ត្រីរបស់ថៃបានបើកដំណើរការជាផ្លូវការ ហើយបានអនុម័តនូវវិធានការជាច្រើន ដើម្បីស្តារសេដ្ឋកិច្ចជាតិ។អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ នៅថ្ងៃទី ១៣ កញ្ញានេះ បានសម្រេចអនុម័តជាផ្លូវការលើកលែងទិដ្ឋាការរយៈពេល៥ខែសម្រាប់ភ្ញៀវទេសចរចិន និង កាហ្សាក់ស្ថាន។ការសម្រេចនេះ គឺដូចដែលការប្រកាសរបស់ លោក Srettha Thavisin នាយរដ្ឋមន្ត្រីថ្មីរបស់ថៃនាពេលកន្លងមក។
លោក Srettha Thavisin នាយរដ្ឋមន្ត្រីថ្មីរបស់ថៃ បានពន្យល់ថា វិធានការនេះគឺដើម្បីចំស្ថានការណ៍ដែលប្រទេសចិនគ្រោងនឹងចូលដល់រដូវឈប់សម្រាក់ពីការងារក្នុងពិធីបុណ្យជាតិរបស់ចិនដែលនឹងចូលមកដល់នៅខែតុលាខាងមុខនេះ។ចំណែកភ្ញៀវទេសចរកាហ្សាក់ស្ថានត្រូវបានរាប់បញ្ចូលដោយសារតែលក្ខខណ្ឌរដូវរងាដ៏អាក្រក់នៅក្នុងប្រទេស ហើយស្ថិតិបង្ហាញថាភ្ញៀវទេសចរកាហ្សាក់ស្ថានបានបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងការមកទស្សនាប្រទេសថៃ។
បើតាមគណៈរដ្ឋមន្ត្រីថៃ វិធានការលើកលែងទិដ្ឋាការរយៈពេល៥ខែសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាននេះ នឹងចាប់ផ្តើមអនុវត្តិជាធរមានចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣រហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីជួយស្រោចស្រង់ដល់វិស័យទេសចរណ៍ជាតិ។
បន្ថែមលើកពីនេះ គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ បានសម្រេចការកាត់បន្ថយថ្លៃអគ្គិសនីមកត្រឹម ៤,១ បាតក្នុងមួយឯកតា ធ្លាក់ចុះពីការរំពឹងទុក ៤,៤៥ បាតក្នុងមួយឯកតា។ អត្រាថ្មី ៤.១ បាតក្នុងមួយឯកតានឹងអនុវត្តចំពោះការចេញវិក្កយបត្រចាប់ពីខែកញ្ញា និង បានបញ្ចុះតម្លៃប្រេងម៉ាស៊ូតមកនៅក្រោម ៣០បាតក្នុងមួយលីត្រ ចាប់ពីថ្ងៃទី២០ ខែកញ្ញា៕