សៀមរាប៖ លោកតា ស៊ឹម អឿម មានអាយុ៧១ឆ្នាំ។ លោកតា បានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណ អស់រយៈពេល២៩ឆ្នាំមកហើយ ពោលគឺតាំងតែពីឆ្នាំ១៩៩៤ មកម៉្លេះ។ លោកតា ស៊ឹម អឿម សម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ ដោយសារតែចិត្តស្រឡាញ់ ហើយការងារនេះក៏បន្តពីជីតា និងឪពុករបស់លោកតា ផងដែរ។
លោកតា ស៊ឹម អឿម គឺជាអ្នកជំនាញម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលបានចូលរួមធ្វើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណជាច្រើននៅខេត្តសៀមរាប។ ស្ថិតក្នុងវ័យ៧១ឆ្នាំ មានពាក់មួកការពារសុវត្ថិភាព ព្រមទាំងនៅក្នុងដៃមានកាន់ដុំឥដ្ឋធ្វើការនៅក្នុងការដ្ឋានផង ព្រឹទ្ធាចារ្យ ស៊ឹម អឿម ធ្វើការបណ្ដើរនិយាយបណ្ដើរថា លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណតាំងតែពីឆ្នាំ១៩៩៤ មកម៉្លេះ។
ព្រោះមានចិត្តស្រឡាញ់ប្រាសាទបុរាណ និងចង់បំពេញការងារថែរក្សា អភិរក្សប្រាសាទបុរាណ ផងនោះ លោកតា ស៊ឹម អឿម សម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ។ ម្យ៉ាងទៀត ការជួសជុលប្រាសាទនេះក៏ជាការបន្តពីជីតា និងឪពុករបស់លោកតា ហើយលោកតា ក៏ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញបរទេសតាំងពីឆ្នាំ១៩៩៤មកដែរ។ ក្នុងរយៈពេលជាង២៩ឆ្នាំមកនេះ លោកតា បានបំពេញការងារជួសជុលប្រាសាទឥដ្ឋដូចជា ប្រាសាទព្រះគោ ប្រាសាទបាគង និងប្រាសាទលលៃ និងប្រសាទជាច្រើនទៀត៕