Cctimesw1140xh150cm copy

កញ្ញា គង់ សុខគាង អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះត្រៀម «ប្រឡងបាក់ឌុប»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កញ្ញា គង់ សុខគាង ជាអតីតសិស្សនិទ្ទេស A កាលពីឆ្នាំ២០១៦ បានធ្វើការចែករំលែកពីបទពិសោធន៍ដែលឆ្លងកាត់ពាក់ព័ន្ធនឹងការប្រលងបាក់ឌុបសម្រាប់សិស្សានុសិស្សពិចារណាដើម្បីអាចប្រលងបានជោគជ័យ។

កញ្ញា គង់ សុខគាង បច្ចុប្បន្ន ដែលជាអតីតសិស្សឆ្នើមដែលទទួលបាននិទ្ទេស A ក្នុងការប្រលងបាក់ឌុបតាំងពីឆ្នាំ២០១៦ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញា បានបញ្ចប់ការសិក្សាជំនាញ ហិរញ្ញវត្ថុ និងគណនេយ្យមកពីវិទ្យាស្ថានខេមអេដ ហើយបច្ចុប្បន្នកំពុងបម្រើការជានាយិកាប្រតិបត្តិនៃផ្នែកគ្រប់គ្រងប្រតិបត្តិការ និងអតិថិជននៅ iDen Creative Co.Ltd។

កញ្ញា សុខគាង បានចែករំលែកមកកាន់ស៊ីស៊ីថាមស៍ថា ការដែលប្រលងបាក់ឌុបជាប់ជារឿងមួយដែលសំខាន់ដោយសារតែ វាប្រៀបដូចជាជំហានមួយដែលអាចធ្វើឱ្យយើងអាចបោះជំហានបន្ទាប់ទៀតទៅកាន់សាកលវិទ្យាល័យ និងដំណើរដ៏វែងឆ្ងាយផ្សេងទៀតនៅក្នុងជីវិតរបស់យើង តែយ៉ាងណាមិញ យើងមិនត្រូវមើលរំលងនូវការគិតពីគោលដៅដ៏ធំៗផ្សេងទៀតក្នុងជីវិតដែលលើសពីការប្រលងបាក់ឌុបនោះឡើយ ដូចជាការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យដើម្បីអាចបម្រើការងារក្នុងអាជីពមួយដែលយើងពេញចិត្ត។

បើតាមកញ្ញា សុខគាង បានឱ្យដឹងទៀតថា ការប្រលងបាក់ឌុប តម្រូវឱ្យសិស្សត្រូវយកចិត្តទុកដាក់តាំងពីដើមឆ្នាំមកម្ល៉េះ ដូចនេះ ប្រសិនបើមិនបានខំប្រឹងពីដើមឆ្នាំទេ អាចនឹងធ្វើឱ្យយុវជនមានអារម្មណ៍មិនជឿជាក់លើខ្លួនឯង ដែលអាចឈានទៅរកការបោះបង់ក្តីស្រមៃរបស់ខ្លួនដោយសារតែគិតថាខ្លួនមិនមានពេលវេលាគ្រប់គ្រាន់។ យ៉ាងណាមិញ កញ្ញា សុខគាង សូមធ្វើការលើកទឹកចិត្តឱ្យយុវជនកុំឱ្យមានអារម្មណ៍ថាបាត់បង់កម្លាំងចិត្តពាក់កណ្តាលទីបែបនេះ ព្រោះថានៅតែបន្តិតទៀតប៉ុណ្ណោះ ពួកគេនឹងដល់គោលដៅ ប្រសិនបើដឹងខ្លួនទាន់ពេលវេលា។

កញ្ញា សុខគាង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍បន្តទៀតថា រយៈពេលមួយអាទិត្យមុនពេលប្រឡង សិស្សមិនគួរបង្ខំខ្លួនឯងច្រើនពេកទេ តែគប្បីរៀនគ្រប់គ្រងចិត្តរបស់ខ្លួន ដើម្បីអាចសម្របខ្លួនក្នុងការទទួលយកលទ្ធផលដោយមិនបន្ទោសខ្លួនឯង។ កញ្ញា សុខគាង ដែលជាអតីតសិស្សនិទ្ទេស A ម្នាក់នេះ ក៏បានរៀបរាប់បន្តទៀតថា ដើម្បីកុំឱ្យមានវិប្បដិសារីរឿងបញ្ហាប្រឡងបាក់ឌុប សិស្សគួរព្យាយាមភ្ញាក់ខ្លួនឡើងវិញ និងប្រើពេលវេលាដែលសេសសល់ឱ្យបានល្អ ដើម្បីបន្តប្រឹងប្រែងនៅក្នុងបេសកកម្មដ៏វែងឆ្ងាយមួយនេះ ដោយព្យាយាមចំណាយពេលបន្ថែមទៅលើការសិក្សា កាត់បន្ថយសកម្មភាពទាំងឡាយណាដែលអាចមានផលប៉ះពាល់លើការសិក្សារបស់ខ្លួនដែលនាំឱ្យខាតពេលវេលា។

បន្ថែមពីនេះ កញ្ញា ក៏បានចែករំលែកពាក់ព័ន្ធនឹងពេលដែលប្រឡងបាក់ឌុបរួចរាល់ បញ្ហាប្រឈមដែលសិស្សភាគច្រើនជួបគឺការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យដែលគួរបន្តការសិក្សាបន្ទាប់ពីប្រលងបានជាប់ ដោយសារតែភាគច្រើនសិស្សផ្តោតទៅលើតែលទ្ធផលនៃការប្រឡងបាក់ឌុប រវល់ផ្តោតលើការសិក្សារហូតមិនបានពិចារណា និងស្វែងរកខ្លួនឯងឱ្យបានច្រើនពីអ្វីដែលខ្លួនស្រលាញ់ពិតប្រាកដក្នុងការធ្វើជាអាជីពនាពេលខាងមុខ។ដូចនេះ កញ្ញា លើកទឹកចិត្តឱ្យយុវជនចូលរួមប្រឡូកក្នុងសង្គមឱ្យបានច្រើនដើម្បីបានស្វែងយល់ពីខ្លួនឯង និងបានផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកជាមួយនឹងសិស្សច្បង ឬយុវជនដទៃទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង