
ហាណូយ៖ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន កំពុងតែបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំជាន់ខ្ពស់ អាម៉េរិក និងវៀតណាម បានប្រកាសពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើសពីសព្វដង។ការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសបិតាប្រជាធិបតេយ្យ និង បក្សកុម្មុយនីស្តវៀតណាមនេះ ត្រូវបានគេមើលឃើញថាដើម្បីទប់ឥទ្ធិពលរបស់មហាអំណាចចិននៅតំបន់អាស៊ី។

ដូចការគ្រោងទុកដំណើរទស្សនកិច្ចរបស់លោកចូ បៃដិន មកកាន់ប្រទេសវៀតណាម បានចាប់ផ្តើមជាផ្លូវការ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយមានការទទួលរាក់ទាក់យ៉ាងកក់ក្តៅពីដឹកនាំវៀតណាម។ក្នុងដំណើរទស្សនកិច្ចនោះលោកបៃដិនបានជួបជាមួយមេដឹកនាំជាន់ខ្ពស់វៀតណាមជាច្រើនរូប។
ក្នុងជំនួបនោះ លោកចូ បៃដិន បានថ្លែងចាត់ទុក រដ្ឋាភិបាលទីក្រុង ហាណូយ គឺជាផ្នែកមួយនៃការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងបណ្តាញសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញអាស៊ី និង ប៉ាស៊ីហ្វិក ប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលរបស់ទីក្រុងប៉េកាំង។លោក បៃដិន ថែមទាំងថ្លែងចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងថា កំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនធ្វើឲ្យខូចដល់សណ្តាប់ធ្នាប់ពិភពលោក ដើម្បីបំពេញឆន្ទះរបស់ខ្លួនផងដែរ។

បើតាមលោកចូ បៃដិន សហរដ្ឋអាម៉េរិកប្តេជ្ញាជួយវៀតណាមអភិវឌ្ឍសមត្ថភាព និង ពង្រីកផលិតកម្ម ជួយវៀតណាម ក្នុងការ ផលិតឧបករណ៍បច្ចេកវិទ្យាខ្ពស់ដូចជាស្មាតហ្វូន និង អាគុយរថយន្តអគ្គិសនី និង សន្យាជួយជ្រំជ្រែង បក្សកុម្មុយនិស្តវៀតណាម ដើម្បីបន្តកាន់អំណាចកាន់តែរឹងមាំ។

លោក Nguyen Phu Trong ប្រធានបក្សកុម្មុយនិស្តវៀតណាម បានថ្លែងអំណរគុណដល់លោក បៃដិន ចំពោះការរួមចំណែករបស់លោកក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងវៀតណាម។សម្រាប់លោក Nguyen Phu Trong វៀតណាម នឹងខិតខំប្រឹងប្រែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងថ្មីជាមួយអាម៉េរិកបន្តទៀតសម្រាប់ថ្ងៃអនាគត៕