
ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នាថ្ងៃ ទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្រសួងទេសចរណ៍បានចេញវិធានការណ៍មួយចំនួន សម្រាប់ការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ធ្វើយ៉ាងណាឱ្យជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុពេកលើថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ការរក្សាបាននូវសុវត្ថិភាព អនាម័យ សន្តិសុខសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទូលំទូលាយ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។
បើតាមសេចក្ដីប្រកាសបានលម្អិតថា មន្ទីរទេសចរណ៍រាជធានី ខេត្ត៖ ១. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
២. ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីធ្វើការណែនាំម្ចាស់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់ដូរតាមដងផ្លូវ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីសុវត្ថិភាពចំណីអាហារ និងការថែរក្សាអនាម័យដោយខិតខំលុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្សេងៗ និងត្រូវចាត់វិធានការតាមគ្រប់រូបភាព ដើម្បីធានាឱ្យបានអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានឱ្យបានសមរម្យ។
៣. ត្រូវធ្វើការណែនាំម្ចាស់ទូក កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះនិងត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា។
៤. ត្រូវសហការជាមួយមន្ទីរធម្មការ និងសាសនា រៀបចំវត្តទេសចរណ៍គំរូសម្រាប់ភ្ញៀវទេសចរអន្តរជាតិអាចស្វែងយល់ពីប្រវត្តិ និងទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
៥. ត្រូវសហការជាមួយមន្ទីរព័ត៌មាន និងវិស័យឯកជន ផ្សព្វផ្សាយរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទូលំទូលាយ។
៦. ត្រូវរៀបចំឱ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះឱ្យបានទូលំទូលាយ និងគ្រប់រូបភាពទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរណ៍នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ឱ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ៕