Cctimesw1140xh150cm copy

កំឡុងពេលកូវីដអ្នកនាង ម៉ាសុជាតា ឆ្លៀតរៀនផលិត «ទៀនក្រអូប» រហូតអាចបើកអាជីវកម្ម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អ្នកនាង ហុង ម៉ាសុជាតា រៀនជំនាញផលិតទៀនក្រអូបតាំងពីជំនាន់កូវីដសម្រុកខ្លាំងដោយសារភាពអផ្សុក រហូតដាក់ចិត្តស្រលាញ់ និងឃើញពីគុណតម្លៃនៃទៀនក្រអូបកាន់តែខ្លាំង ចាប់ផ្តើមបើកជាផ្លូវការនៅឆ្នាំ២០២៣ ទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ច្រើន ដោយសារតែទៀនត្រូវបានផលិតដោយធម្មជាតិមិនប៉ះពាល់សុខភាព រួមទាំងចូលរួមលើកតម្កើងផលិតផលក្នុងស្រុក និងផ្តល់ឱកាសការងារដល់ស្រ្តីជាច្រើននាក់។

អ្នកនាង ហុង ម៉ាសុជាតា ជាម្ចាស់អាជីវកម្ម Khatteya Handicraft Cambodia បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អ្នកនាងបានរៀនជំនាញផលិតទៀនក្រអូបនេះតាំងពីជំនាន់ឆ្នាំ២០២០ មកម្ល៉េះ តែពេលនោះ អ្នកនាងធ្លាប់បានសាកល្បងផលិតម្តងដែរ តែមិនសូវមានគ្រឿងគ្រប់គ្រាន់ក្នុងការផលិតច្រើន ក៏សម្រេចចិត្តផ្អាកវិញ តែក្រោយមក អ្នកនាងកាន់តែស្រលាញ់គំនិតមួយនេះ និងមានបំណងក្នុងការជួយស្រ្តីក្នុងសហគមន៍ដើម្បីមានឱកាសការងារមិនថានៅផ្ទះក្តី អ្នកនាងក៏សម្រេចចិត្តតាំងចិត្តរៀនសារជាថ្មីម្តងទៀតពីអ្នកជំនាញពីខាង IAA (International Aromatherapy Association) ដើម្បីអាចផលិតកាន់តែមានគុណភាពប្រសើរជាងមុន ។

ដោយសារតែការស្រលាញ់បូកផ្សំជាមួយនឹងឆន្ទៈជាមួយនឹងអាជីវកម្មមួយនេះ អ្នកនាង ម៉ាសុជាតា ព្យាយាមប្រើប្រាស់ធាតុផ្សំដែលផលិតដោយធម្មជាតិសុទ្ធសាធ មិនថាសាច់ទៀន បណ្តូលទៀន និងក្លិនទៀននោះឡើយ។ ជាពិសេស អ្នកនាង បានផ្សារភ្ជាប់ ធាតុផ្សំ ទាំងអស់នេះជាមួយនឹងសហគមន៍នៅតាមតំបន់ ដើម្បីពួកគាត់អាចផ្គត់ផ្គង់មកកាន់អ្នកនាងបានកាន់តែច្រើនដើម្បីអាចកាត់បន្ថយការនាំចូល និងមានអ្វីដែលជាសម្គាល់ថាជារបស់ដែលផលិតដោយខ្មែរ និងធម្មជាតិ។

តួយ៉ាងដូចជាសាច់ទៀន អ្នកនាងភាគច្រើនដាក់កម្មង់សណ្តែកពីខាងខេត្តបាត់ដំបង ចំណែកឯបណ្តូលទៀន អ្នកនាងសំណូមពរអ្នកភូមិឱ្យរៀបចំឱ្យដោយផលិតចេញពីកប្បាសដែលវាមិនមានផលប៉ះពាល់មកលើផ្លូវដង្ហើមរបស់អ្នកប្រើប្រាស់ ចំណែកឯក្លិនក្រអូបវិញ ភាគច្រើនកញ្ញាជ្រើសរើសក្លិនដែលមានតួនាទីផ្សេងៗគ្នាតម្រូវតាមតម្រូវការអតិថិជន ដែលមានទាំងក្លិនធ្វើឱ្យកាត់បន្ថយភាពតានតឹង ឈឺក្បាល ឬសម្រួលដល់ការគេងផ្សេងៗជាដើម។ ចំណែកឯ ការវេបខ្ចប់វិញ អ្នកនាងបានគាំទ្រយកស្មុគពីខាងខេត្តសៀមរាបផងដែរ។

អ្នកនាង ម៉ាសុជាតា ក្នុងវ័យ២៩ឆ្នាំរូបនេះ បានបន្តទៀតថា បើការពិតទៅ ការនាំចូលទៀនក្រអូបពីខាងក្រៅប្រទេសមកលក់តែម្តងគឺពិតជាស្រួលខ្លាំងណាស់ ដោយមិនចាំបាច់ចំណាយពេលផលិតច្រើនដោយខ្លួនឯងទេ ថែមទាំងចំណេញងាយទៀតផង តែអ្នកនាងមិនគ្រាន់តែចង់ក្លាយជាអ្នកលក់ម្យ៉ាងនោះទេ តែចង់ឱ្យឱកាសអាជីវកម្មរបស់អ្នកនាងអាចជាផ្នែកមួយក្នុងការបង្កើតឱកាសការងារសម្រាប់ស្រ្តីផ្សេងៗនៅក្នុងសហគមន៍មិនថានៅតាមជនបទឬទីក្រុងឱ្យមានសមត្ថភាពក្នុងការធ្វើការបន្ថែមទៀត និងចង់មានផលិតផលមួយដែលផលិតដោយកូនខ្មែរផ្ទាល់ ដែលពោរពេញទៅដោយគុណភាព និងមានតម្លៃសមរម្យ។

បន្ថែមពីនេះ អ្នកនាង ម្ចាស់អាជីវកម្ម រូបនេះ បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ទៀតថា តាមពិតទៅ អាជីវកម្មនេះមិនត្រឹមតែផលិតទៀនក្រអូបនោះទេ ថែមទាំងមានបើកបង្រៀនសិស្សណាដែលមានចំណាប់អារម្មណ៍ក្នុងការរៀនទៀតផង ព្រោះថាអ្នកនាងចង់ឃើញសង្គមមួយនេះពោរពេញទៅដោយឱកាសសម្រាប់អ្នកជំនាន់ក្រោយអាចមានអាជីវកម្មផ្ទាល់ខ្លួនបាន និងមានផលិតផលដែលជារបស់ខ្លួន។ ក្រៅពីការបើកអាជីវកម្មមួយនេះ អ្នកនាងក៏ជាម្ចាស់អាជីវកម្មនៃផលិតផលថែរក្សាសម្រស់ផងដែរដែលបានរៀនពីអ្នកជំនាញនៅប្រទេសកូរ៉េ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង