
ឥណ្ឌូនេស៊ី៖ ប្រទេសជាសមាជិកអាស៊ានដែលមានប្រទេសឥណ្ឌូនេស៊ី បានប្រកាសប្តេជ្ញាចិត្តរួមគ្នា ដើម្បីធ្វើយ៉ាងណាជួយប្រទេស«ទីម័រឡេស្តេ»ឆាប់បានក្លាយជាសមាជិកពេញសិទ្ធិរបស់ក្នុងអាស៊ាន។ការប្តេជ្ញាចិត្តរួមគ្នានេះ ធ្វើឡើងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៧ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣៤»។
យោងតាមលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៤ បានគូសបញ្ជាក់ថា ការក្លាយជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេក្នុងអាស៊ាន កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវនេះ និង បានប្តេជ្ញាចិត្តសហការគ្នាជាធ្លុងមួយ រវាងប្រទេសសមាជិកអាស៊ាន ដើម្បីជួយនៅក្នុងការធ្វើដំណើររបស់ទីម័រឡេស្តេ ដោយផ្តល់នូវបទពិសោធន៍ សមត្ថភាព និងជាពិសេសគំនិតផ្តួចផ្តើមកសាងសមត្ថភាពនានា។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ ២០២២ ប្រមុខដឹកនាំអាស៊ានបានអនុញ្ញាតជាគោលការណ៍ឱ្យប្រទេសទីម័រខាងកើតចូលរួមជាសមាជិកអាស៊ានទី ១១ ប៉ុន្តែមិនទាន់ចូលជាសមាជិកពេញសិទ្ធិនោះទេ។ ការឯកភាពនេះធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំអាស៊ានបានពិចារណាលើលទ្ធផលនៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍សន្តិសុខនយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។
បច្ចុប្បន្ន ទីម័រខាងកើតត្រូវបានផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ និងត្រូវបានអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះទីម័រខាងកើត ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕