ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្រ្តីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ ដែលអនុវត្តច្បាប់ចរាចរណ៍នៅតាមគោលដៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវលុបបំបាត់ការពួនស្ទាក់ចាប់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ។ការណែនាំនេះ ធ្វើឡើងក្នុងពិធីអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ នៅថ្ងៃទី០២ ខែកញ្ញា។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលពីអាណត្តិទី៦ជាស្នងការនគរបាលខេត្តព្រះសីហនុនោះ ត្រូវបានតម្លើងមកជាអគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃ២៣ សីហា ហើយទើបតែមកកាន់អគ្គស្នងការបានមួយថ្ងៃពោលនាថ្ងៃ២៤ សីហានេះ លោកឧត្តមសេនីយ៍ក៏បានត្រូវតែងតាំងមកជាស្នងការនគរបាលរាជធានីភ្នំពេញ ។
លោកអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ ដោយមានការចូលរួមពីលោកស្នងការរង លោក-លោកស្រីនាយ-នាយរងការិយាល័យជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ លោក-លោកស្រីអធិការរង លោក-លោកស្រីនាយផ្នែក ទទួលការងារជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។
ក្នុងកិច្ចប្រជុំនោះដែរ លោកស្នងការ បាន កោតសរសើរដល់កម្លាំងទាំងអស់ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក ជាមួយនេះដែរ លោកស្នងការ ក៏បាន ណែនាំមន្រ្តីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ ដែលអនុវត្តច្បាប់ចរាចរណ៍នៅតាមគោលដៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវលុបបំបាត់ការពួនស្ទាក់ចាប់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវមានកាយវិការ ពាក្យសំដីទន់ភ្លន់ និងមិនត្រូវធ្វើអំពើហិង្សាទៅលើប្រជាពលរដ្ឋនោះឡើយ៕