ភ្នំពេញ៖ រដ្ឋាភិបាលនៃមហាអំណាចចិន បានប្រកាសរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ហើយតាមប្រភពជាក់លាក់សម្តេច ហ៊ុន ម៉ាណែត អាចនឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន នៅពាក់កណ្តាលខែកញ្ញានេះមុនចេញទៅប្រជុំនៅអង្គការសហប្រជាជាតិ នៃសហរដ្ឋអាម៉េរិកនៅពេលខាងមុខនេះ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន កាលពីម្សិលមិញ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកប្រទេសចិន គឺជាប្រទេសទី១សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោក បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។
បើយោងតាមព័ត៌មានដែលសារព័ត៌មាន ស៊ីស៊ីថាមស៌ ទទួលបានមុនពេលទៅអាម៉េរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ UN សម្តេច ហ៊ុន ម៉ាណែត នឹងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅពាក់កណ្តាលខែកញ្ញានេះ។
ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់ចិននៅកម្ពុជាសម្តេច ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា “កិច្ចការតៃវ៉ាន់ ស៊ីនជាំង និង ហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយកម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ”។សម្រាប់សម្តេច រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយមិត្តភាពរបស់បក្សប្រជាជនចំពោះប្រទេសចិន ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែល្អប្រសើរ។
បើតាមសម្តេច ហ៊ុន ម៉ាណែត ភាគីកម្ពុជាមានឆន្ទៈអនុវត្តការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ជំរុញការកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ "ពេជ្រប្រាំមួយជ្រុង" ជំរុញការកសាង " ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" ប្រកបដោយប្រសិទ្ធភាព និង "ច្រករបៀងត្រីនិងស្រូវ" និង ជំរុញការកសាងសករាជថ្មីនៃសហគមន៍វាសនាប្រទេសចិន។
ក្រៅពីនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ពីការគាំទ្រ វេទិកា«ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន»ដើម្បីពង្រឹងការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃគណបក្សទាំងពីរ ហើយនឹងចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" របស់ប្រទេសចិន និងគំនិតផ្តួចផ្តើមជាសាកលធំៗទាំងបី ដែលមានឆន្ទៈក្នុងការពង្រឹងការសម្របសម្រួល និង កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងកិច្ចការអន្តរជាតិ និង តំបន់ ដើម្បីរួមគ្នារក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ការអភិវឌ្ឍន៍ និង វិបុលភាព។
ជាការឆ្លើយតប លោក Liu Jianchao បានប្រាប់សម្តេច ហ៊ុន ម៉ាណែតថា ចិនរង់ចាំស្វាគមន៌យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត ហើយ ចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការកសាងសហគមន៍ចិន-កម្ពុជាជាមួយនឹងអនាគតរួមគ្នា ហើយមានឆន្ទៈគាំទ្ររាជរដ្ឋាភិបាលកម្ពុជាថ្មីតាមមធ្យោបាយផ្សេងៗ និង ខិតខំប្រឹងប្រែងឥតឈប់ឈរសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា៕