Cctimesw1140xh150cm copy

លោក ប៉ែន បូណា៖នយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលថ្មី ជាក្តីសង្ឃឹមពលរដ្ឋខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអ្នកនាំពាក្យរាជរដ្ឋាភិបាល 

ភ្នំពេញ៖លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អាណត្តិទី៧ នៅថ្ងៃទី ២ កញ្ញានេះថា «គោលនយោបាយអាទិភាព»ចំនួន៦ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ។

លោក ប៉ែន បូណា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឺកនាំដោយលោក ហ៊ុន ម៉ាណែត បានដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់រដ្ឋ៖

ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។

ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រនិងងាយរងគ្រោះនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។

ទី៣៖ ពលរដ្ឋក្រីក្រនិងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឲ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិរឿឫហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនិងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនិងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិឫហានិភ័យផ្សេងៗ។

ទី៥៖ ប្រជាកសិករនិងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេសគឺទទួលបាននូវការការពារតម្លៃកសិផលឲ្យបានសមរម្យ ដោយមិនឲ្យកសិករខាតបង់ឡើយ។

ទី៦៖ រាជរដ្ឋាភិបាលនិងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំសង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។

លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត គឺជាគោលនយោបាយគាំពារប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ។ គោលនយោបាយនេះគឺជាក្តីសង្ឃឹមយ៉ាងកក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ បន្តពីរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង