ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និងលោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សានៅទីក្រុងបាម៉ាកូ ដើម្បីពិនិត្យលើស្ថានការណ៍ និង សមិទ្ធផល ព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថានពហុសិក្សានេះនៅពេលអនាគត។
សម្តេចតេជោ បានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា បន្តកិច្ចខិតខំប្រែងធានានិរន្តរភាពរបស់សាលា បន្តទៅទៀត។ ជាមួយគ្នានេះដែរ សម្រាប់ការអភិវឌ្ឍនៃគ្រឹះស្ថានពហុសិក្សានាពេលខាងមុខ សម្តេចតេជោ បានសម្រេចផ្តល់អាហាររូបករណ៍ចំនួន៧០កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថាន សម្រាប់រយៈពេល១០ឆ្នាំ (២០២៣-២០៣៣) ក្នុងនោះ ៤០ កន្លែង សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និង៣០កន្លែង សម្រាប់ កម្រិតមធ្យមសិក្សាផងដែរ។
គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ ប្រទេសម៉ាលី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្រោមជំនួយឧបត្ថម្ភរបស់ សម្តេចតេជោ និងអ្នកស្រី អេវ៉ា មីស្លីវិក និងដៃគូជនជាតិម៉ាលីមួយរូបទៀត នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងនូវសាមគ្គីភាពរវាងប្រទេសទាំងពីរនៅក្នុងក្រុមគ្រួសារហ្វ្រង់កូហ្វូន និងក្របខ័ណ្ឌនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយនិង កិច្ចសហប្រតិបត្តិការភាពជាដៃគូ ត្បូង-ត្បូង៕