Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

លោក សេដ្ឋ សុហ្វីលតា បង្កើត«ឆ្លាតអេប» ដើម្បីពង្រឹងមូលដ្ឋានគ្រឹះភាសាខ្មែរ ដល់កុមារ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ដោយមើលឃើញអំពីបញ្ហាអំណាន របស់កុមារ យុវជនខ្មែរមួយរូប បានចាប់ផ្ដើមធុរកិច្ចផ្នែកអប់រំ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះភាសាខ្មែរ ទាំងការបញ្ចេញសម្លេង ប្រកប អាន ស្ដាប់ សរសេរ និងនិយាយ។ រៀនអាន ជាធុរកិច្ចផ្នែកអប់រំ ដែលបង្កើតឡើងឡើងនៅក្នុងឆ្នាំ២០២១ ដើម្បីជួយដោះស្រាយបញ្ហាអំណានរបស់កុមារ ដោយប្រើប្រាស់បច្ចេកវិទ្យា។ រៀនអាន ក៏បានបង្កើតកម្មវិធីទូរស័ព្ទដៃ មានឈ្មោះថា «ឆ្លាតអេប» ផងដែរ។

លោក សេដ្ឋ សុហ្វីលតា បានប្រាប់ស៊ីស៊ីថាមស៍ថា លោកក៏ជាអតីតគ្រូបង្រៀនភាសាអង់គ្លេសមួយរូបដែរ។ នៅក្នុងឆ្នាំ២០១៩ លោកបានចាកចេញពីការបង្រៀន និងមកធ្វើការនៅក្នុងអង្គការ Teach For Cambodia។ នៅក្នុងអង្គការនេះ លោកបានចុះទៅជួបជាមួយលោកគ្រូអ្នកគ្រូ នៅតាមបណ្ដាខេត្ត-រាជធានី។ នៅពេលលោកមានឱកាសចុះទៅមើលថ្នាក់រៀនផ្សេងៗ នៅតាមបណ្ដាខេត្ត-រាជធានី ហើយអ្វីដែលលោកមើលឃើញនោះគឺបញ្ហាអំណាន។ សិស្សានុសិស្ស ដែលមានអាយុ១៤ទៅ១៥ឆ្នាំ ត្រូវបានលោកគ្រូអ្នកគ្រូ ហៅឱ្យឡើងអាន។ ការអានអក្សរខ្មែរ របស់ពួកគេ គឺមិនបានល្អនោះទេ ហើយបញ្ហានេះ កើតឡើងចំពោះសិស្សលើសពីពាក់កណ្ដាលថ្នាក់។

រូបភាព៖ រៀនអាន-Rean AAN

ដោយមើលឃើញនូវបញ្ហាទាំងអស់នេះ លោក សេដ្ឋ សុហ្វីលតា បានចាប់ផ្ដើមបង្កើតធុរកិច្ច ដែលពាក់ព័ន្ធជាមួយការអប់រំ។ លោក សុហ្វីលតា បានបញ្ជាក់ថា កុមារដែលកើតនៅកម្ពុជា ហើយពួកគេជាជនជាតិខ្មែរ នៅពេលដែលពួកគេចេះតែភាសាអង់គ្លេស ក៏មិនមែនជារឿងល្អសម្រាប់អនាគត ក្រុមគ្រួសារ និង សង្គម ដែរ។ ដូច្នេះពួកគេគួរតែមានជាអត្តសញ្ញាខ្លួនឯង ដែលចេះភាសាខ្មែរ មូលដ្ឋានគ្រឹះ ការអាន ស្ដាប់ សរសេរ និងនិយាយភាសាខ្មែរ បាន។ ជាពិសេសនៅពេលពួកគេចេះភាសាអង់គ្លេសមុន ពួកគេពិបាកនៅក្នុងការជំរុញខ្លួនឯងឱ្យទៅសិក្សាភាសាខ្មែរ ព្រោះការសិក្សាភាសាខ្មែរពិបាករៀនជាងភាសាអង់គ្លេស។

នៅពេលកុមារមានមូលដ្ឋានគ្រឹះភាសាខ្មែរ ទាំងការប្រកប ការបញ្ចេញសម្លេង អាន សរសេរ ស្ដាប់ និងនិយាយ នៅពេលពួកគេចាប់ផ្ដើមរៀនភាសាបរទេស ក៏ងាយស្រួលដែរ។ ដូច្នេះហើយទើបលោក មិនធ្វើមាតិការអំណានសម្រាប់កុមារដែលមានវ័យលើស១២ឆ្នាំ។ ជាពិសេសកុមារ មិនមានការខ្វាល់ខ្វាយរឿងការងារអ្វីនោះទេ ពួកគេដោះស្រាយបញ្ហារបស់ពួកគេ ធ្វើយ៉ាងណា រៀនឱ្យចេះ អាចនិយាយបាន និងប្រើប្រាស់បាននៅក្នុងថ្នាក់រៀនរបស់ពួកគេ តែប៉ុណ្ណោះ។ ដូច្នេះទើបមាតិកា របស់ «រៀនអាន» ផ្ដោតសំខាន់លើកុមារដែលមានអាយុចាប់ពី ៤-១២ឆ្នាំ។

លោក សេដ្ឋ សុហ្វីលតា បានឱ្យដឹងទៀតថា ការចាប់ផ្ដើម «រៀនអាន» ដំបូងនៅក្នុង ខែឧសភា ឆ្នាំ២០២១ លោក សេដ្ឋ សុហ្វីលតា មិនបានគិតថាដាក់ឈ្មោះយ៉ាងណាឱ្យសាកសមនោះទេ។ លោកគិតត្រឹមតែថា នឹងជួយដោះស្រាយបញ្ហាអំណាន របស់កុមារ។ ដូច្នេះទើបលោកដាក់ឈ្មោះធុរកិច្ចផ្នែកអប់រំ នេះ ថា «រៀនអាន-Rean AAN»។ បន្ទាប់ពី «រៀនអាន» ធ្វើដំណើរបន្ដទៅមុខទៀត លោកឃើញថា ដំណោះស្រាយដែលផ្ដល់ឱ្យជាវេទិកាមួយ ដែលមានជាវីឌីអូជួយឱ្យក្មេងៗ រៀនអាន ជាតម្រូវការរបស់អាណាព្យាបាល។

បន្ថែមពីនេះ លោក សេដ្ឋ សុហ្វីលតា យល់ឃើញថា មានវិធីជាច្រើនទៀត ដែលអាចបញ្ចូលទៅក្នុងកម្មវិធីអប់រំរបស់ «រៀនអាន»។ ដូច្នេះលោកក៏បានបង្កើតកម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា «ឆ្លាតអេប»។ នៅពេលខាងមុខទៀត លោកមានគម្រោង នឹងបង្កើតជាមាតិកាផ្សេងៗ ក្រៅអំពីអំណាន ដូចជាគណិតវិទ្យា អនាម័យរបស់កុមារ រូបវិទ្យា ផែនដីវិទ្យា ចំណេះដឹងផ្សេងៗ និងមុខវិជ្ជាផ្សេងៗទៀត ដែលអាចបញ្ចូលទៅក្នុងវេទិកាមួយនេះ៕

រូបភាព៖ រៀនអាន-Rean AAN


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង