អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថាប្រទេសអាល្លឺម៉ង់គ្រោងនឹងប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការផ្តល់កងកម្លាំងអ៊ុយក្រែនជាមួយនឹង កាំភ្លើងធំ គ្រាប់បែក និងប្រព័ន្ធការពារដែនអាកាស។ លោកបានមានប្រសាសន៍ថា ទីក្រុងប៊ែរឡាំងចង់ឱ្យអាវុធដែលខ្លួនបញ្ជូនទៅកាន់ទីក្រុងគៀវ មានប្រសិទ្ធភាពភ្លាមៗខ្លាំងហើយអ៊ុយក្រែនអាចប្រើប្រាស់សម្រាប់សង្រ្គាមជាមួយរុស្សីបានភ្លាមៗ លោកអះអាងថាជនជាតិអាល្លឺម៉ង់ភាគច្រើនគាំទ្រគោលនយោបាយ “ថ្លឹងថ្លែងដោយប្រុងប្រយ័ត្ន” របស់រដ្ឋាភិបាលក្នុងការជួយដល់ប្រទេសអ៊ុយក្រែន។
សម្រាប់លោក Scholz "ការពិតគឺថាអាល្លឺម៉ង់គឺជាអ្នកផ្គត់ផ្គង់អាវុធធំទីពីរដល់អ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាម៉េរិក" អាល្លឺម៉ង់ក៏បានរាយបញ្ជីអាវុធដែលប៊ែរឡាំងបានផ្តល់អោយ អ៊ុយក្រែន រួចហើយ រួមទាំងរថក្រោះ ប្រព័ន្ធការពារដែនអាកាសដូចជា IRIS-T និង Patriots ដែលផលិតដោយសហរដ្ឋអាម៉េរិក។ អធិការបតីរូបនេះបន្ថែមថាអាល្លឺម៉ង់គ្រោងនឹងផ្តោតលើការផ្តល់ជា "កាំភ្លើងធំ គ្រាប់រំសេវ និងការការពារដែនអាកាស"ដល់អ៊ុយក្រែនបន្ថែមទៀត៕