ហ្គាបុង៖ ទាហាន Gabonese ឯកសណ្ឋានមួយក្រុមបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិដើម្បីប្រកាសពីការរំលាយស្ថាប័នរដ្ឋទាំងអស់ និងការលុបចោលការបោះឆ្នោតដែលកំពុងមានជម្លោះក្នុងប្រទេស បន្ទាប់ពីមេដឹកនាំកាន់អំណាចដ៏យូរគឺលោក Ali Bongo បានប្រកាសថាជាអ្នកឈ្នះការជ្រើរើសប្រធានាធិបតីកាលពីសប្តាហ៍មុន។ទាហានបានថ្លែងសុន្ទរកថាផ្ទាល់នៅព្រឹកថ្ងៃពុធនេះថា ពួកគេនឹង«ការពារសន្តិភាពដោយការបញ្ចប់របបបច្ចុប្បន្ន» ហើយលុចចោលរាល់ស្ថាប័នដែលដឹកនាំដោយរដ្ឋាភិបាលបច្ចុប្បន្ន។
អ្នកនាំពាក្យនៃក្រុមបះបោលនេះបានថ្កោលទោស អភិបាលកិច្ចគ្មានការទទួលខុសត្រូវរបស់ប្រធានាធិបតី Ali Bongo ក្រុមទាហានបះបោលចាត់ទុក ការកាន់តំណែងរយៈពេល ១៤ ឆ្នាំរបស់របស់លោក Ali Bongo បានបណ្តាលឱ្យ "ការថយចុះនៃទំនាក់ទំនងសង្គមដែលនាំឱ្យប្រទេសនេះធ្លាក់ទៅក្នុងភាពវឹកវរ" ។
យោងតាមមជ្ឈមណ្ឌលបោះឆ្នោត Gabonese Bongo បានឈ្នះការបោះឆ្នោតប្រធានាធិបតីនាពេលថ្មីៗនេះ ជាមួយនឹងសម្លេងឆ្នោតជាង ៦៤% ដោយបានផ្តួលគូប្រជែងកំពូលរបស់គាត់លោក Albert Ondo Ossa។
លោក Bongo បានឡើងកាន់អំណាចជាលើកដំបូងក្នុងឆ្នាំ ២០០៩ ហើយបានប្រឈមមុខនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាមួយផ្សេងទៀតនៅឆ្នាំ ២០១៩ នៅពេលដែលមន្រ្តីយោធាប្រដាប់អាវុធបានចាប់ចំណាប់ខ្មាំង ហើយបានប្រកាសពីការបង្កើត "ក្រុមប្រឹក្សាស្តារជាតិ" ស្រដៀងគ្នាដើម្បី "ស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហ្គាបុង" ។ ការបះបោរត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស ហើយបណ្តាលឱ្យមានអ្នកស្លាប់និងរបួសតិចតួច។
ប្រទេសអាហ្រ្វិកកណ្តាល ហ្គាបុង ដែលមានប្រជាជនចំនួន ២.៣ លាននាក់ មានព្រំប្រទល់ជាប់ប្រទេសកាមេរូន សាធារណរដ្ឋកុងហ្គោ និងអេក្វាទ័រហ្គីណេ ហើយក៏ជាប្រទេសធ្លាប់ជាប់អាណានិគមរបស់ប្រទេសបារាំង មុនពេលទទួលបានឯករាជ្យនៅឆ្នាំ ១៩៦០ ។
ក្បែរៗប្រទេសហ្គាបុងក៏មានរដ្ឋប្រហារយោធាមួយបានកើតឡើងនៅក្នុងអតីតអាណានិគមបារាំងមួយទៀតគឺប្រទេសនីហ្សេ កាលពីចុងខែកក្កដា។ ស្ថានភាពនៅក្នុងរដ្ឋអាហ្វ្រិកខាងលិចនៅតែតានតឹង ដោយប្លុក ECOWAS ក្នុងតំបន់កំពុងពិចារណាលើអន្តរាគមន៍ដែលគាំទ្រដោយទីក្រុងប៉ារីស ដើម្បីជួយប្រធានាធិបតី Mohamed Bazoum ដែលត្រូវបានគេធ្វើរដ្ឋប្រហារឲ្យឡើងកាន់អំណាចវិញ៕