វៀតណាម៖ ប្រធានាធិបតីអាម៉េរិកលោក ចូបៃដិន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមនៅថ្ងៃទី ១០ និង ១១ ខែកញ្ញា តាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានបញ្ជាក់អំពីកាលវិភាគនៃដំណើរទស្សនកិច្ចនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអង្គារនេះថា “លោកស្រីជឿជាក់ថា ជំនួបរបស់មេដឹកនាំនៃប្រទេសទាំងពីរនឹងធ្វើឱ្យទំនាក់ទំនងវៀតណាម និងសហរដ្ឋអាម៉េរិកកាន់តែស៊ីជម្រៅ ដោយជួយឱ្យទំនាក់ទំនងរីកចម្រើនប្រកបដោយស្ថិរភាព ជាក់ស្តែង និងយូរអង្វែង។
យោងតាមសេតវិមានអាម៉េរិកបានឲ្យដឹងថាលោក បៃដិន នឹងជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Trong និងមេដឹកនាំកំពូលវៀតណាមផ្សេងទៀតនៅទីក្រុងហាណូយនៅថ្ងៃទី ១០ ខែកញ្ញា មុនពេលធ្វើដំណើរទៅកាន់រដ្ឋ Alaska ដើម្បីរំលឹកខួបនៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ លើសហរដ្ឋអាម៉េរិក។ ក្នុងពេលនៅទីក្រុងហាណូយ លោក បៃដិន នឹងជួបជាមួយអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀត ដើម្បីពិភាក្សាអំពីវិធីពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក និងវៀតណាម។ ជំរុញសេដ្ឋកិច្ចវៀតណាម ពង្រីកទំនាក់ទំនងរវាងប្រជាជន តាមរយៈការផ្លាស់ប្តូរការអប់រំ និងកម្មវិធីអភិវឌ្ឍន៍កម្លាំងពលកម្ម ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើនសន្តិភាព វិបុលភាព និងស្ថិរភាពក្នុងតំបន់។
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមកាលពីខែមេសាកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកបាននិយាយថា សហរដ្ឋអាម៉េរិកឲ្យតម្លៃលើទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ហើយមានបំណងចង់នាំទំនាក់ទំនងឡើងដល់កម្រិតខ្ពស់ថ្មី។
ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរឈានដល់ជាង ១២៣.៨៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ១១% ពីឆ្នាំ ២០២១។ សហរដ្ឋអាម៉េរិកក៏ជាទីផ្សារនាំចេញធំបំផុត និងជាដៃគូពាណិជ្ជកម្មធំទីពីរសម្រាប់វៀតណាមផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេសពីសហរដ្ឋអាម៉េរិកទៅកាន់ប្រទេសវៀតណាមបានឈានដល់ជាង ១១ ពាន់លានដុល្លារ ដែលស្មើនឹងជាង ១,២០០ គម្រោង៕