Cctimesw1140xh150cm copy

កញ្ញា លី ន័ររី ជាប់អាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតជំនាញសន្តិសុខអន្តរជាតិ នៅអង់គ្លេស

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កញ្ញា លី ន័ររី ជាអតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ត្រូវបានជ្រើសរើសជាជ័យលាភីអាហារូបករណ៍ Chevening សិក្សាថ្នាក់អនុបណ្ឌិតជំនាញសន្តិសុខអន្តរជាតិនៅសកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

កញ្ញា ន័ររី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០២២ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលកាលពីនៅរៀនកញ្ញាជានិស្សិតមួយរូបដែលចូលចិត្តតាមដានព្រឹត្តិការណ៍អន្តរជាតិ និងក្នុងតំបន់នានា អានអត្ថបទវិភាគរបស់អ្នកជំនាញនៅកម្ពុជា ឬក្នុងតំបន់លើកការវិវត្តស្ថានការណ៍ថ្មីៗ ហើយកញ្ញាក៏ចូលចិត្តស្រាវជ្រាវ និងរៀនសូត្រការងារវិភាគ ផ្នែកសន្តិសុខអន្តរជាតិដែលមានឥទ្ធិពលលើនយោបាយការបរទេស។

មូលហេតុដែលកញ្ញាជ្រើសរើសទៅរៀននៅចក្រភពអង់គ្លេសគឺដោយសារតែសង្កេតឃើញថាកម្មវិធីសិក្សាដែលសកលវិទ្យាល័យ Bristol ផ្តល់ឲ្យគឺមានលក្ខណៈផ្តោតជាក់លាក់ ដែលមិនត្រឹមតែផ្តល់ការសិក្សាលើទ្រឹស្តីសន្តិសុខអន្តរជាតិតែប៉ុណ្ណោះទេ តែក៏មានការពង្រឹងលើជំនាញវិភាគស៊ីជម្រៅ ត្រិះរិះពិចារណា និងការតាក់តែងសរសេរគោលនយោបាយផ្សេងៗផងដែរ។ ពេលត្រឡប់មកកម្ពុជាវិញ កញ្ញាមានឆន្ទៈក្នុងការចែករំលែកនូវការយល់ដឹងលើជំនាញនេះតាមរយៈការបណ្តុះបណ្តាលដល់សិស្សនិស្សិតលើជំនាញទំនាក់ទំនងអន្តរជាតិឲ្យកាន់តែមានសក្តានុពល និងប្រើប្រាស់ចំណេះដែលកញ្ញាមានមកបម្រើការងារក្នុងវិស័យការបរទេស ឬវិស័យពាក់ព័ន្ធ។

កញ្ញាបានរៀបរាប់បន្តទៀតថា កញ្ញាបានស្គាល់អាហារូបករណ៍នេះតាំងពីឆ្នាំ២០១៥មកម្ល៉េះតាំងពីមិនទាន់រៀបចប់ថ្នាក់បរិញ្ញាបត្រមកម្ល៉េះ ដោយសារតែខ្លួនធ្លាប់បានចូលរួមកម្មវិធីស្ម័គ្រចិត្តមួយដែលផ្តោតលើការចែករំលែកអាហារូបករណ៍តែនៅពេលនោះ កញ្ញាមិនទាន់មានសិទ្ធដាក់នៅឡើយទេដោយសារតែមិនទាន់គ្រប់លក្ខខណ្ឌ ព្រោះអាហារូបករណ៍នេះគេបើកសម្រាប់តែសិស្សដែលរៀនចប់ថ្នាក់បរិញ្ញាបត្រតែប៉ុណ្ណោះ។

យុវជនដែលមានក្តីស្រមៃធំរូបនេះ បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញា បានប្រឡូកក្នុងការងារស្ម័គ្រចិត្តតាំងពីខ្លួនមិនទាន់បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យមកម្ល៉េះ ពោលគឺតាំងពីឆ្នាំ២០១៥ ដែលបំពេញតួនាទីជា ACE Student Ambassador ចូលរួមរៀបចំការងារសប្បុរសធម៌ផ្សេងៗ កម្មវិធីពិព័រណ៍ការសិក្សានៅបរទេស សន្និសីទបញ្ញវន្តពិភពលោក ដែលធ្វើឱ្យកញ្ញាអាចពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍជំនាញទន់ ដែលអាចយកទៅប្រើប្រាស់នៅក្នុងបរិបទការងារផ្សេងៗទៀត។

ការខិតខំប្រឹងប្រែងនៅតែបន្តរីករាលដាលឡើងមិនថាកញ្ញាបានឡើងមករៀននៅថ្នាក់សាកលវិទ្យាល័យក្តី កញ្ញាបានចូលរួមហាត់ការនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute- AVI) និងចូលរួមកម្មវិធីផ្សេងៗទៀតជាច្រើនដែលពាក់ព័ន្ធនឹងជំនាញដែលខ្លួនសិក្សានៅសាកលវិទ្យាល័យ ដូចជាការចូលរួមសិក្ខាសាលា ការសរសេរអត្ថបទស្រាវជ្រាវដើម្បីចុះផ្សាយ និងចូលរួម កម្មវិធីបណ្តុះបណ្តាលនិស្សិតទំនាក់ទំនងអន្តរជាតិផ្សេងទៀតដូចជា KAS Political Education Academy (2019) និង KAS IR Horizon (2022)ជាដើម។

ក្តិស្រមៃនេះមិនមែនសម្រេចទៅបានដោយចៃដន្យនោះទេ ពោលគឺកញ្ញាបានខិតខំប្រឹងប្រែងជាខ្លាំងទម្រាំបានក្លាយជាជ័យលាភីអាហារូបករណ៍មួយនេះដែលបានឆ្លងកាត់២ដំណាក់កាលធំៗ គឺដំណាក់កាលសរសេរសំណេរ និងដំណាក់កាលសម្ភាសន៍។ ដូចនេះ កញ្ញាមានគន្លឹះមួយចំនួនក្នុងការចែករំលែកទៅកាន់បេក្ខជនផ្សេងទៀតដែលមានបំណងក្នុងការដាក់អាហារូបករណ៍នេះនៅក្នុងការរសរសំណេរដូចតទៅ៖

1. ស្រាវជ្រាវ និងស្វែងយល់ពីកម្មវិធីអាហារូបករណ៍នេះជាមុនសិន។ តើយើងជាបេក្ខជនដែលមានសិទ្ធិដាក់អាហារូបករណ៍ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់គេទេ? ដោយលក្ខខណ្ឌរបស់Chevening តម្រូវឲ្យយើងមានសញ្ញាបត្របរិញ្ញាបត្រ មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ មកពីប្រទេសដែលCheveningអនុញ្ញាតឲ្យដាក់ពាក្យ ដាក់ពាក្យទៅសាលា៣នៅចក្រភពអង់គ្លេស និងបំពេញសំណេរទាំង៤របស់Chevening។

2. ត្រៀមឯកសារឲ្យបានរួចរាល់ដូចជា សញ្ញាបត្របរិញ្ញាបត្រ ព្រឹត្តិបត្រពិន្ទុ លិខិតឆ្លងដែន ។ល។

3. សរសេរសំណេរទាំង៤ ដោយផ្អែកលើឆន្ទៈផ្ទាល់ខ្លួន មានភាពច្បាស់លាស់ និងមិនលើស 500 ពាក្យសម្រាប់សំណេរនីមួយៗ។ ប្រើប្រាស់ STAR និង SMART approach ដើម្បីជួយដល់ការងារពន្យល់ និងលើកឧទាហរណ៍ពីបទពិសោធន៍របស់យើងឲ្យបានកាន់តែក្បិះក្បាយ។

4. ព្យាយាមពិនិត្យសំណេរឡើងវិញម្តងហើយម្តងទៀតមុននឹងចុច submit។ អាចឲ្យមិត្តភក្តិ ឬគ្រូ ដើម្បីជួយអាន និងពិនិត្យមើលពីចន្លោះខ្វះខាត។

គួរបញ្ជាក់ផងដែរថា Chevening គឺជាអាហារូបករណ៍របស់រដ្ឋាភិបាលអង់គ្លេស ផ្តល់ជូនសិស្សនិស្សិតដែលមកពីប្រទេសដែលមានចែងជា eligible countries ដើម្បីទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំពេញនៅចក្រភពអង់គ្លេស រួមទាំងផ្តល់ឲ្យជាថ្លៃស្នាក់នៅ ថ្លៃធ្វើដំណើរទៅនិងមក និងឱកាសក្នុងការពង្រីកបណ្តាញទំនាក់ទំនងរបស់សិស្សនិស្សិត។ ការដាក់ពាក្យតម្រូវឲ្យបេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រ មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ ប្រសិនបើបេក្ខជនត្រូវបានគេជម្រុះ នោះបេក្ខជននឹងត្រូវទៅវគ្គសម្ភាសនៅស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងរង់ចាំលទ្ធផលចុងក្រោយ ដោយរយៈពេលសរុបនៃដំណើរការទាំងអស់អាចចំណាយពេលជិត១០ខែ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង