ហ្វីលីពីន៖ កងទ័ពអូស្ត្រាលី និងហ្វីលីពីនបានធ្វើសមយុទ្ធជាមួយគ្នានៅជិតចំណុចសំខាន់ៗនៃដែនទឹកសមុទ្រចិនខាងត្បូងដែលទាមទារដោយប្រទេសចិន លោក Ferdinand Marcosប្រធានាធិបតីហ្វីលីពីន ក៏បានចូលរួមត្រួតពិនិត្យក្នុងសមយុទ្ធដ៏ធំមួយនេះផងដែរ។ ប្រទេសចិនក៏បានដាក់ពង្រាយឆ្មាំឆ្នេរសមុទ្ររាប់រយនាក់ កងទ័ពជើងទឹក និងនាវាជាច្រើន ដើម្បីល្បាត និងការពារតំបន់ថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង បើទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថា ទីតាំងរបស់ចិនមិនមានមូលដ្ឋាននៅជុំវិញសមុទ្រចិនខាងត្បូងក៏ដោយ។
សមយុទ្ធរួមគ្នានៅថ្ងៃសុក្រនេះបានធ្វើឡើងនៅមូលដ្ឋានទ័ពជើងទឹកប្រហែល ២៤០ គីឡូម៉ែត្រ នៃភាគខាងកើតនៃដែនសមុទ្រ Scarborough Shoal ដែលជាកន្លែងនេសាទដ៏សម្បូរបែបដែលចិនបានរឹបអូសពីហ្វីលីពីនក្នុងឆ្នាំ ២០១២ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង។ លោក Marcos បានលើកឡើងថា ព្រឹត្តិការណ៍ជាច្រើនដែលបញ្ជាក់ពីភាពប្រែប្រួលនៃតំបន់ សមយុទ្ធប្រភេទនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជិតស្និទ្ធរវាងប្រទេសជុំវិញតំបន់គឺមានសារៈសំខាន់ខ្លាំង សមយុទ្ធនេះរួមានតាមផ្លូវអាកាស សមុទ្រ និងលើដីដែលជាសមយុទ្ធទ្រង់ទ្រាយធំលើកដំបូងរវាងប្រទេសទាំងពីរ។ ទាហានអូស្ត្រាលីប្រហែល ១,២០០ នាក់ និងទាហានម៉ារីនហ្វីលីពីនចំនួន ៥៦០ នាក់បានចូលរួមក្នុងសមយុទ្ធមួយនេះផងដែរ។ គួរបញ្ជាក់ថាសមយុទ្ធនេះបានកើតឡើងបន្ទាប់ពីនាវាឆ្មាំឆ្នេរសមុទ្រចិនបានរារាំងបេសកកម្មរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី ៥ ខែសីហា៕