Cctimesw1140xh150cm copy

សិស្សបាត់បង់ឱកាសសិក្សាជាង៥ពាន់នាក់ នឹងទទួលបានឱកាសសិក្សា តាមរយៈគម្រោងរបស់អង្គការភ្លែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាព៖ អង្គការ​ភ្លែនអន្តរជាតិកម្ពុជា

កម្ពុជា៖ ក្នុងកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី នៃក្រសួងអប់រំ យុវជន និងកីឡា គម្រោង «ការលើកកម្ពស់គុណភាពសិក្សាសម្រាប់កុមារដែលបាត់បង់ឱកាសសិក្សានៅភូមិភាគឦសាននៃប្រទេសកម្ពុជា ហៅកាត់ថា (EQUAL)» នឹងគាំទ្រដល់សិស្សដែលបាត់បង់ឱកាសសិក្សាចំនួន ៥,៤០០នាក់ ឱ្យចូលរៀនឡើងវិញ។ គម្រោងនេះមានគោលបំណងជួយដល់កុមារដែលបាត់បង់ឱកាសសិក្សា និងកុមារប្រឈមនឹងការបោះបង់ការសិក្សានៅខេត្តរតនគិរី ឱ្យមានឱកាសបំពេញសិទ្ធិក្នុងការអប់រំរបស់ពួកគេតាមរយៈកម្មវិធីសិក្សាពីចម្ងាយតាមប្រព័ន្ធឌីជីថល ។

លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធី និងជានាយកប្រចាំប្រទេសស្តីទីបានពន្យល់ថា ផ្អែកលើទិន្នន័យប្រព័ន្ធតាមដានការអប់រំ និងព័ត៌មាន (EMIS) នៃខេត្តរតនគិរី ឆ្នាំ 2021-2022 បានឱ្យដឹងថា អត្រាចុះឈ្មោះរបស់កុមារ គឺមានចំនួន 49,6% អត្រាកុមារត្រួតថ្នាក់គឺមានចំនួន 5,5% អត្រាកុមារឆ្លងមធ្យមសិក្សាបឋមភូមិមានចំនួន 78,1% ហើយអត្រាឆ្លងមធ្យមសិក្សាទុតិយភូមិ មានចំនួន 77%។ ការសិក្សានៅកម្រិតបឋមសិក្សារបស់ក្មេងស្រីនៅភូមិភាគឦសាន រួមទាំងខេត្តរតនគិរី កំពុងប្រឈមមុខនឹងបញ្ហា ក៏ដូចជាឧបសគ្គជាច្រើន រួមមានសម្ភារៈឧបទ្ទេសសិក្សានៅមានកម្រិត ប្រព័ន្ធការពារមានកម្រិតសម្រាប់ក្មេងស្រី សាលានៅឆ្ងាយពីភូមិរបស់ពួកគេ និងសមត្ថភាពរបស់គ្រូក៏នៅមានកម្រិត”។

លោក យី គឹមថាន បានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ យើងត្រូវរៀបចំបទអន្តរាគមន៍មួយចំនួនដើម្បីជួយដល់សិស្សានុសិស្សទាំងអស់ឱ្យទទួលបាននូវចំណេះដឹង ជំនាញ អាកប្បកិរិយា លទ្ធផលសិក្សា និងបង្កើនអត្រាចុះឈ្មោះចូលរៀន សម្រាប់កុមារដែលលើសអាយុ និងកុមារបាត់បង់ឱកាសសិក្សា គម្រោងការសិក្សាពីចម្ងាយ ប្រព័ន្ធឌីជីថល អាចជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងនោះ។ គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្សសរុបចំនួន ៥៤០០នាក់ ដែលបាត់បង់ឱកាសការសិក្សា និងកុមារប្រឈមការបោះបង់ការសិក្សានៅសាលាគោលដៅចំនួន ២៥ ក្នុងស្រុកចំនួន ៤ ក្នុងខេត្តរតនគិរី។

គម្រោងនេះនឹងរៀបចំបរិក្ខារសិក្សាតាមប្រព័ន្ធឌីជីថលនៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យចំនួន10 ក្នុងស្រុកតាវែង ស្រុកអូរជុំ ស្រុកអង្គអណ្តូងមាស និងស្រុកវឿនសៃ។ បរិក្ខារទាំងនោះរួមមាន កុំព្យូទ័រ ម៉ាស៊ីនបញ្ចាំង LCD និងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ថ្នាក់រៀន។ គ្រូបង្រៀននៅក្នុងទីក្រុងនឹងបង្រៀននិងភ្ជាប់ទំនាក់ទំនងជាមួយសិស្សនៅតាមសាលាគោលដៅតាមរយៈ ហ្សូម (Zoom) និង Google Meet ក្នុងពេលតែមួយ ហើយសិស្សអាចធ្វើអន្តរកម្ម និងសួរសំណួរទៅកាន់គ្រូបាន។

គម្រោង«ការលើកកម្ពស់គុណភាពសិក្សាសម្រាប់កុមារដែលបាត់បង់ឱកាសសិក្សានៅភូមិភាគឦសាននៃប្រទេសកម្ពុជា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសិទ្ធិទទួលបានការអប់រំរបស់ក្មេងស្រី និងកុមារបាត់បង់ឱកាសសិក្សាក្នុងសហគមន៍ដាច់ស្រយាល និងក្រីក្រក្នុងខេត្តរតនគិរី ជាពិសេសក្មេងស្រី និងក្មេងប្រុសដែលបានបាត់បង់ឱកាសសិក្សា ដើម្បីបង្កើនការចុះឈ្មោះចូលរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សា អត្រាគង់វង្សរបស់សិស្ស និងពង្រឹងគុណភាពអប់រំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង