រុស្សី៖ ក្រសួងការពារជាតិរុស្ស៊ីនាថ្ងៃពុធនេះបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានវាយលុកការវាយប្រហារជាច្រើនលើកពីកងទ័ពអ៊ុយក្រែនដោយក្នុងនោះរុស្សីបានបំផ្លាញហេដ្ឋរចនាសម្ព័ន្ធយោធា និងកម្ទេចកងកម្លាំងអ៊ុយក្រែនអស់ជាច្រើនរយនាក់ក្នុងតំបន់សមរភូមិ ស្របពេលដែលអ៊ុយក្រែនបានវាយបកកងកម្លាំងទ័ពអាកាស មីស៊ីល និងកាំភ្លើងធំរបស់រុស្សីជាច្រើនទីតាំង។ នេះបើយោងតាមការសង្ខេបព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិប្រទេសទាំងពីរ។
យោងតាមក្រសួងការពារជាតិរុស្សីបានអះអាងថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយលុកលើកងកម្លាំងអ៊ុយក្រែនក្នុងទិសដៅតំបន់កូពីយ៉ានាក់ ហើយបានផ្តាច់ផ្លូវស្បៀងរបស់ទាហានអ៊ុយក្រែន និងកម្ទេចដ្រូនរបស់អ៊ុយអស់ជាច្រើនគ្រឿងថែមទៀតផង ដោយក្នុងនោះកងកម្លាំងរុស្សីបានទម្លុះតំបន់របស់អ៊ុយក្រែនជាច្រើនរួមមាន Luhansk, Zaporizhzhia និង Donetsk ។ កងការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន Su-25 នៅទីក្រុង Donetsk ផងដែរ។
នៅថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) ឲ្យដឹងថាមានការចូលរួមប្រយុទ្ធក្នុងតំបន់សមរភូមិក្តៅៗជាង២០គិតត្រឹម២៤ម៉ោងនេះ។ កងកម្លាំងរបស់អ៊ុយក្រែនបានទទួលការគ្រប់គ្រងលើផ្ទៃដី ៤៣ គីឡូម៉ែត្រការ៉េក្នុងទិសដៅតំបន់ Bakhmut និងតំបន់មួយចំនួនទៀត។
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្រិចកាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis លោកបានប្រកាសថាក្រិកនឹងផ្តល់ការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះកងទ័ពអាកាសអ៊ុយក្រែនដើម្បីប្រតិបត្តិការយន្តហោះចម្បាំង F-16 ដែលអ៊ុយក្រែននឹងទទួលបាននាពេលខាងមុខនេះ។
លោក Zelensky បានធ្វើដំណើរទៅប្រទេសហូឡង់ និងដាណឺម៉ាក ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងការផ្ទេរយន្តហោះចម្បាំង F-16 ។ ទាំងនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte និងនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen បានសម្តែងការព្រមព្រៀងគ្នាក្នុងការផ្តល់យន្តហោះ F-16 ដល់អ៊ុយក្រែននាពេលដ៏ឆាប់ខាងមុខនេះ។
រុស្ស៊ីធ្លាប់បានជូនដំណឹងដល់ប្រទេសនានា រួមទាំងសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងបារាំងផងដែរថាការបញ្ជូនយន្តហោះច្បាំងបំពាក់ក្បាលនុយក្លេអ៊ែរទៅកាន់អ៊ុយក្រែនគឺជាការប្រកាសសង្រ្គាមនុយក្លេអ៊ែរជាមួយរុស្សី ហើយប្រសិនបើអ៊ុយក្រែនទទួលបានយន្តហោះចម្បាំងនេះពិតប្រាកដមែនោះសង្រ្គាមរវាងរុស្សី និងសម្ព័ន្ធមិត្តអ៊ុយក្រែននិងផ្ទុះជាក់ជាមិនខាន៕