
ភ្នំពេញ៖ ផែនទីព្រំដែនកម្ពុជា-វៀតណាម សម័យទំនើបបានមកដល់កម្ពុជាហើយ។ផែនទីព្រំដែនរវៀងកម្ពុជា និង វៀតណាម បានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពទទួលយក នូវសៀវភៅផែនទីឋានលេខាព្រំដែន មានជាភាសាខ្មែរ និងវៀតណាម ចំនួន៥០០ក្បាល ទុកជាឯកសារតាមបទដ្ឋានបច្ចេកទេស។នេះបើតាមលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ថ្ងៃ ០៣ សីហា ឆ្នាំ២០២០។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានឱ្យដឹងថា កម្ពុជា និងវៀតណាម ដែលមាន លោក ហ៊្វូង ថេឡុង ជាតំណាង និងជាអនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេស បានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពទទួលយក សៀវភៅផែនទីឋានលេខាព្រំដែន ដែលបានចងក្រងរួច ចំនួន ៥០០ច្បាប់ដើម ក្នុងនោះភាសាខ្មែរ-វៀតណាមចំនួន២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន ២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម (album) បានត្រឹមត្រូវ ត្រូវតាមបទ ដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួន។
លោកស្រីបន្តថា ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញពេញលេញលទ្ធផល ខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែលប្រទេសទាំងពីរសម្រេចបាន។
ទន្ទឹមនឹងនេះ ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមិសាស្រ្តនៅលើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១00 ០០០ នោះទេ។
សូមជម្រាបជូនថា ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈ កម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងឯកឧត្តម ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជា ប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះ បង្គោលព្រំដែនគោកវៀតណាម បានជួបពិភាក្សាការងារ និងប្រគល់ ទទួលផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយម វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម នាថ្ងៃទី១ សីហា ឆ្នាំ២០២០កន្លងទៅ៕


