ថៃ៖ អ្នកគាំទ្រអតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ជាច្រើនពាន់នាក់ ដែលភាគច្រើនស្លៀកសម្លៀកបំពាក់ពណ៌ក្រហម បានប្រមូលផ្តុំគ្នានៅជិតចំណតយន្តហោះឯកជននៅអាកាសយានដ្ឋានដុនមឿង ដើម្បីស្វាគមន៍លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅព្រឹកថ្ងៃអង្គារនេះ។ពួកគេមានវត្តមានរួមគ្នាជាមួយឥស្សរជនសំខាន់ៗ និងសមាជិកសភានៃគណបក្សភឿថៃ និងក្រុមអ្នកកាសែតក្នុងស្រុក និងបរទេសនៅឯអាកាសយានដ្ឋានដែលមានការយាមកាមយ៉ាងខ្លាំង។
មានសេចក្តីរាយការណ៍ថា លោកថាក់ស៊ីនបាននៅលើយន្តហោះឯកជនរបស់គាត់រួចហើយ ដែលចេញដំណើរពីប្រទេសសិង្ហបុរី ហើយយន្តហោះរបស់គាត់ត្រូវបានគេរំពឹងថានឹងចុះចតនៅទីក្រុងបាងកកនៅម៉ោងប្រហែល ៩ ព្រឹក នេះគឺជាការវិលត្រឡប់មកប្រទេសថៃវិញជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ។ អាជ្ញាធរគ្រោងនឹងនាំលោកថាក់ស៊ីនពីព្រលានយន្តហោះទៅកាន់តុលាការកំពូល ជាកន្លែងដែលគាត់នឹងទទួលនីតិវិធីទាក់ទងនឹងការព្យួរទោសដាក់ពន្ធនាគារ។
លោកថាក់ស៊ីនបានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ ២០០៨ មិនយូរប៉ុន្មានមុនពេលតុលាការកំពូលបានកាត់ទោសគាត់ពីបទបានជួយប្រពន្ធរបស់គាត់គឺលោកស្រី Khunying Potjaman Na Pombejra ទិញដីនៅតំបន់ Ratchadaphisek ក្នុងតម្លៃទាបបំផុតដែលលោកប្រឈ្មោះជានាយករដ្ឋមន្រ្តីជួយការពារ និងមានសំណុំរឿងជាច្រើនទៀត ។លោកប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១០ ឆ្នាំក្នុងសំណុំរឿងចំនួន ៣ ដែលគាត់ត្រូវបានកាត់ទោសដោយនាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូល។ ជុំវិញនៃការវិលត្រឡប់របស់លោក ថាក់ស៊ីន ត្រូវបានគេវែកញែកហេតុផល និងរឿងរាវជាច្រើនអាចនិងកើតមានឡើងក្នុងប្រទេសថៃនាពេលដ៏ខ្លីខាងមុខនេះ៕