អ៊ុយក្រែន៖ អ្នកនាំពាក្យរបស់កងទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងនាថ្ងៃព្រហស្បត៌ិនេះថា អ៊ុយក្រែននឹងមិនអាចប្រើប្រាស់យន្តហោះ F-16 បានទេនៅឆ្នាំនេះដោយការប្រកាសជំនួយនេះពីសហរដ្ឋអាម៉េរិកហាក់នៅតែមានភាពស្រពិចស្រពិលនៅឡើយ លោកអះអាងថាសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងអាម៉េរិកនៅតែបន្តរារាំងមិនឲ្យផ្គត់ផ្គង់យន្តហោះចម្បាំងពិសេសនេះដល់អ៊ុយក្រែន។
អ៊ុយក្រែនបានអំពាវនាវឲ្យសម្ព័ន្ធមិត្តលោកខាងលិចម្តងហើយម្តងទៀតដើម្បីផ្គត់ផ្គង់យន្តហោះ F-16 ដល់ប្រទេសខ្លួន ដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថានឹងជាសញ្ញាមួយដែលថាការឈ្លានពានរបស់រុស្ស៊ីនឹងបញ្ចប់ដោយការបរាជ័យប្រសិនបើអ៊ុយក្រែនទទួលបានយន្តហោះចម្បាំងប្រភេទនេះពិតប្រាកដមែន។
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានគាំទ្រកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះ F-16 កាលពីខែឧសភា ប៉ុន្តែមិនទាន់មានពេលវេលាសម្រាប់ការផ្គត់ផ្គង់យន្តហោះចម្បាំងនៅឡើយទេ។
រុស្សីបានព្រមានលោកខាងលិចរាល់ទង្វើដើម្បីផ្គត់ផ្គង់អ៊ុយក្រែនជាមួយយន្តហោះ F16 នឹងនាំមកនូវ “ហានិភ័យដ៏ធំធេង”ដល់សណ្តាប់ធ្នាប់ពិភពលោក៕