ថៃ៖ ពលករខ្មែរម្នាក់ត្រូវបានឃាតករចាក់សម្លាប់នៅប្រទេសថៃ កាលពីយប់ថ្ងៃទី១៣ចូលថ្ងៃទី១៤សីហា។ បន្ទាប់ពីកើតហេតុប៉ូលីសថៃ បានចុះចាប់ខ្លួនជនសង្ស័យជាឃាតករដែលជាពលរដ្ឋខ្មែរដូចគ្នា។ បច្ចុប្បន្នសពជនរងគ្រោះ កំពុងទុកនៅមន្ទីរពេទ្យរ៉ាម៉ា ដោយសារតែជនរងគ្រោះគ្មានបងប្អូនសាច់ញាតិនៅប្រទេសថៃ។
បើតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះថា ណាត់ អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកសំឡូត ខេត្តបាត់ដំបង ដោយសារជីវភាពខ្វះខាតជនរងគ្រោះបានទៅធ្វើការនៅប្រទេសថៃជាអ្នកលើកអីវ៉ាន់ ទើបតែធ្វើបានប្រមាណជាបីខែប៉ុណ្ណោះ ក៏ត្រូវបានជនដៃដល់ ចាក់សម្លាប់។ ហើយឃាតករនោះត្រូវបានប៉ូលីសថៃចុះចាប់ខ្លួន ដែលគេស្គាល់ថាជាពលរដ្ឋខ្មែរដូចគ្នា មានអាយុប្រមាណ៣៩ឆ្នាំ មានស្រុកកំណើតនៅស្រុកបាណន់ ខេត្តបាត់ដំបង។
សូមជម្រាបថា បច្ចុប្បន្នសពជនរងគ្រោះ កំពុងនៅមន្ទីរពេទ្យរ៉ាម៉ា មិនទាន់បានបញ្ជូនមកស្រុកកំណើតនៅឡើយ ដោយសារកំពុងរងចាំបងប្អូនសាច់ញាតិ និងការជួយសម្របសម្រួលពីខាងមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសថៃ៕