ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្លាស់ប្តូរសំបុត្រពិសេសមួយជាមួយគ្នានាថ្ងៃអង្គារនេះដោយមេដឹកនាំទាំងពីរសន្យាថានឹងអភិវឌ្ឍទំនាក់ទំនងរបស់ពួកគេឲ្យបានកាន់តែប្រសើរថែមមួយកម្រិតទៀតនិង "ទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែង"។លិខិតទាំងនោះត្រូវបានផ្ញើឲ្យគ្នាទៅវិញទៅមកក្នុងទិវារប្រារព្ធខួបលើកទី ៧៨ នៃការរំដោះប្រទេសកូរ៉េពីការគ្រប់គ្រងអាណានិគមរបស់ប្រទេសជប៉ុនឆ្នាំ ១៩១០-៤៥ ដែលត្រូវបានប្រារព្ធជាថ្ងៃបុណ្យជាតិនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានឲ្យដឹងថា នៅក្នុងសំបុត្ររបស់គីមជុងអ៊ុនផ្ញើទៅកាន់លោក ពូទីន លោក គីម បាននិយាយថា មិត្តភាពរបស់ប្រទេសទាំងពីរត្រូវបានបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី ២ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ហើយឥឡូវនេះកំពុងបង្ហាញយ៉ាងពេញលេញនូវភាពមិនអាចខ្វះគ្នាបាន។
មេដឹកនាំកូរ៉េខាងជើងរូបនេះ "ជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងសាមគ្គីភាពរុស្សី-កូរ៉េខាងជើងនឹងត្រូវបានអភិវឌ្ឍបន្ថែមទៀតទៅជាទំនាក់ទំនងយុទ្ធសាស្រ្តយូរអង្វែង ស្របតាមតម្រូវការនៃយុគសម័យថ្មី" ។ លោកបន្ថែមថា“ប្រទេសទាំងពីរនឹងតែងតែទទួលបានជ័យជំនះ គាំទ្រ និងសហការគ្នាយ៉ាងមុតមាំក្នុងដំណើរសម្រេចបាននូវគោលដៅ និងបុព្វហេតុរួមជាមួយគ្នា”។
កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានឈរក្បែរគ្នាជាមួយលោក Kim នៅពេលដែលលោកទាំងពិរបានពិនិត្យមើលមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរថ្មីបំផុតរបស់កូរ៉េខាងជើង និងយន្តហោះគ្មានមនុស្សបើកនៅឯព្យុហយាត្រាយោធាក្នុងទីក្រុងព្យុងយ៉ាង។ក្នុងសាររបស់លោកទៅកាន់លោក គីម ពូទីន ក៏បានប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀតផង។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េ KCNA លោក ពូទីន បានឆ្លើយតបវិញថា"លោកប្រាកដថា រុស្សីនឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីសុខុមាលភាពរបស់ប្រជាជនទាំងពីរ និងស្ថិរភាព និងសន្តិសុខដ៏រឹងមាំនៃឧបទ្វីបកូរ៉េ និងអាស៊ីឦសានទាំងមូល"។
គួរបញ្ជាក់ថាមេដឹកនាំកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន គ្រោងនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខលើកូរ៉េខាងជើង អ៊ុយក្រែន និងបញ្ហាផ្សេងទៀតនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃទី ១៨ ខែសីហានៅបន្ទាយទាហានអាម៉េរិក។ សហរដ្ឋអាម៉េរិកក៏បានចោទប្រកាន់កូរ៉េខាងជើងថាបានផ្តល់អាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន រួមទាំងកាំភ្លើងធំ គ្រាប់រ៉ុក្កែត និងមីស៊ីលជាច្រើនផងដែរ៕