Cctimesw1140xh150cm copy

កម្ពុជាត្រូវការអ្នកវិវិយោគធំលើ«ជលផល៤ប្រភេទ»ដើម្បីពង្រឹងការនាំចេញទៅទីផ្សារចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលគយចិនបានបញ្ចប់នីតិវិធីក្នុងការអនុញ្ញាតឱ្យផលិតផលជលផលទាំង៤របស់កម្ពុជានាំចេញទៅចិន កម្ពុជាត្រូវមានយន្តការជាបន្តបន្ទាប់ទៀត ក៏ដូចជាការបង្កើនសកម្មភាពជាច្រើនទៀតដើម្បីសម្រេចបានការនាំចេញជលផលទាំង៤នេះ ក្នុងនោះកម្ពុជាត្រូវការអ្នកវិនិយោគទុនធំទាំងបច្ចេកទេសការចិញ្ចឹម ចំណី ពូជ និងប្រព័ន្ធទឹកជាដើម ដែលចាំបាច់ត្រូវការទុនធំក្នុងការចិញ្ចឹម។ នេះជាការលើកឡើងរបស់លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ។

លោក សុខ រ៉ាដែន មានអារម្មណ៍រីករាយយ៉ាងខ្លាំងក្រោយទទួលបានដំណឹងថារដ្ឋបាលគយចិន បានបញ្ចប់នីតិវិធី ក្នុងការអនុញ្ញាតឱ្យផលិតផលជលផលរបស់កម្ពុជា ៤មុខទៀត អាចនាំចេញដោយផ្ទាល់ ទៅកាន់ប្រទេសចិនបាន ដែលផលិតផលជលផលចិញ្ចឹមទាំង ៤មុខនោះមានដូចជា៖ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។

លោកបានបញ្ជាក់ដែរថា ក្រោយរដ្ឋបាលគយចិនបញ្ចប់នីតិវិធីនាំចូលជលផលទាំង៤ប្រភេទរបស់កម្ពុជា កម្ពុជាត្រូវមានសកម្មភាពក្នុងការបំពេញកិច្ចជាបន្តបន្ទាប់ទៀត ជាពិសេសគឺកម្ពុជាត្រូវការអ្នកវិនិយោគទុនធំលើការចិញ្ចឹមជលផលទាំង៤ប្រភេទនេះដូចជា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគលើពូជសត្វនីមួយៗ ប្រព័ន្ធទឹក បច្ចេកទេសការចិញ្ចឹម និងចំណី ហើយត្រូវកំណត់អត្តសញ្ញាណប្រភេទសត្វនីមួយៗឱ្យបានច្បាស់លាស់មុននឹងសម្រេចនាំចេញ។

លោកបន្ថែមនេះ ក្រៅពីនេះកម្ពុជាត្រូវការរោងចក្រកែច្នៃដើម្បីនាំចេញទៅចិន ព្រោះកម្ពុជាមិនអាចនាំចេញជលផល៤ប្រភេទនេះទាំងឆៅទៅទីផ្សារចិនបានទេ គឺត្រូវការការបង្កក និងការកែច្នៃតាមបែបផ្សេងៗទៀតដើម្បីឱ្យស្របតាមលក្ខខណ្ឌស្តង់ដាររបស់ប្រទេសនាំចូល។

លោកបញ្ជាក់ថា ប្រទេសចិនជាប្រទេសមួយដែលមានចំនួនប្រជាជនច្រើន ហើយការផ្គត់ផ្គង់ទៅចិនក៏ស្ថិតនៅក្នុងកម្រិតច្រើនដែរ ដូចនេះរឿងសំខាន់មួយទៀតដើម្បីសម្រេចបានការនាំចេញជលផលទាំង៤ប្រភេទនេះទៅចិនគឺពូជ ជារួមកម្ពុជាត្រូវជ្រើសរើសពូជសត្វទាំងនេះឱ្យមានគុណភាពល្អ និងចិញ្ចឹមក្នុងទ្រង់ទ្រាយធំ ដើម្បីធានាឱ្យបាននូវការនាំចេញប្រកបដោយគុណភាព និងផ្គត់ផ្គង់បានគ្រប់គ្រាន់។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ជលផលរបស់ប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន ហើយអាចសម្រេចនូវការនាំចេញទៅប្រទេសចិន។ ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់លើជលផលរវាងចិននិងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុងដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង