ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសកម្ពុជា បានប្រកាសត្រៀមខ្លួនធ្វើការជាមួយ និងរដ្ឋមន្រ្តីក្រសួងការបរទេសថ្មីគឺលោក សុខ ចិន្តាសោ ដែលចូលមកជំនួស លោក ប្រាក់ សុខុនដែលជាអតីតឧបនាយករដ្ឋមន្ត្រី/រដ្ឋមន្ត្រីការបរទេស។
យោងតាមរយៈការបង្ហោះក្នុងគេហទំព័របណ្តាញសង្គម X (ដែលពីមុនជាបណ្តាញសង្គម Twitter) លោក W. Patrick Murphy បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការងារជាមួយ និងកម្ពុជាបន្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង ដោះស្រាយតំបន់ដែលមានការព្រួយបារម្ភនៅក្នុងទំនាក់ទំនងទ្វេភាគី សហរដ្ឋអាម៉េរិក-កម្ពុជា។
គួរបញ្ជាក់ថា បើទោះបីជាបញ្ជីសមាជិករាជរដ្ឋាភិបាល អាណត្តិទី៧ មិនត្រូវបានប្រកាសជាផ្លូវការ។ ប៉ុន្តែតាមរយៈរូបភាពថតជុំគ្នានៅក្នុងវិមាន ៧ មករា រាជធានីភ្នំពេញ នៅថ្ងៃទី ១០ សីហា បានបង្ហាញ សមាសភាពដែលបង្ហាញដូចគ្នាទៅនឹងសមាសភាពក្នុងបញ្ជីដែលបែកធ្លាយតាមបណ្តាញសង្គមកន្លងទៅ ហើយលោក សុខ ចិន្តាសោ អាចនឹងចូលមកជំនួស លោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថ្មី៕