Cctimesw1140xh150cm copy

ទម្រាំសម្រេចក្តីស្រមៃចូលរួមកម្មវិធី SSEAYP លោក វីវីដ ត្រូវចំណាយពេលជាច្រើនឆ្នាំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក វីវីដ ដាក់ពាក្យជាលើកទីបីទម្រាំអាចក្លាយជាអតីតជាប្រតិភូនាវាយុវជនដែលបានចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០១៧ ដើម្បីតំណាងកម្ពុជាលើឆាកអន្តរជាតិជាមួយនឹងយុវជនផ្សេងទៀតនៅក្នុងប្រទេសដែលជាសមាជិកអាស៊ាន និងប្រទេសជប៉ុន។

លោក វីវីដ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថាលោកបានបញ្ចប់ការសិក្សាជំនាញខាងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំ២០១៩ ពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដែលស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងកំឡុងពេលសិក្សាក្នុងថ្នាក់សាកលវិទ្យាល័យ លោកវីវីដតែងតែចូលរួមកម្មវិធីផ្សេងៗទៅក្រៅប្រទេសផងដែរ។ លើសពីនេះទៅទៀត លោកទើបតែបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Loughborough ដែលស្ថិតក្នុងប្រទេសអង់គ្លេស ក្នុងជំនាញវិទ្យាសាស្រ្ត Digital Marketing ក្រោមអាហារូបករណ៍ Chevening ផងដែរ។

បើតាមលោក វីវីដបានឱ្យដឹងថាលោកបានស្គាល់កម្មវិធី SSEAYP តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ដែលបានដាក់ពាក្យបីលើកទម្រាំត្រូវបានជ្រើសរើស ដោយលើកទី១លោកបានដាក់ពាក្យនៅឆ្នាំ២០១៤ ប្រលងជាប់ដល់វគ្គសម្ភាស តែមិនបានទៅវគ្គបន្តទៀត ក៏លោកបានដាក់ពាក្យសារជាថ្មីម្តងទៀតនៅឆ្នាំ២០១៦ តែជាអកុសល លោកនៅតែមិនទាន់បានទទួលលទ្ធផលជាទីគាប់ចិត្តនៅឡើយ ដោយលោកគិតថាពេលនោះ ដោយសារតែលោកមិនសូវមានភាពក្លាហានក្នុងការនិយាយជាភាសាអង់គ្លេសនៅឡើយ។

ក្តីស្រមៃ គួបផ្សំនឹងការខិតខំប្រឹងប្រែងបានជម្រុញឱ្យលោកវីវីដដាក់ពាក្យជាលើកទី៣នៅឆ្នាំ២០១៧ រហូតបានជោគជ័យ ដែលធ្វើឱ្យលោកបានសម្រេចក្តីស្រមៃក្នុងការធ្វើជាយុវជនតំណាងពីប្រទេសកម្ពុជាដើម្បីចូលរួមបង្ហាញពីប្រទេសកម្ពុជាលើឆាកអន្តរជាតិ ជាអនុស្សាវរីយ៍មួយដែលលោកមិនអាចបំភ្លេចបានក្នុងនាមជាយុវជនខ្មែរមួយរូប។

នៅពេលដែលក្លាយជាយុវជនតំណាងប្រទេស លោកវីវីដ និងយុវជនកម្ពុជាផ្សេងទៀតត្រូវឆ្លងកាត់ការហ្វឹកហាត់ជាច្រើនដំណាក់កាលទម្រាំអាចធ្វើការចេញដំណើរទៅប្រទេសជប៉ុនជួបនឹងយុវជនមកពីបណ្តាប្រទេសដទៃទៀតដើម្បីធ្វើដំណើរតាមនាវាទៅតាមបណ្តាប្រទេស៥ផ្សេងទៀតក្នុងអាស៊ានដែលកំណត់នៅក្នុងកម្មវិធី។

តាមរយៈការចូលរួមកម្មវិធីមួយនេះ លោក វីវីដបានរៀនពីបទពិសោធន៍ថ្មីៗជាច្រើនមិនថាជំនាញរឹង និងជំនាញទន់ដូចជាការប្រាស្រ័យទាក់ទងជាមួយនឹងជនជាតិបរទេសដែលជាយុវជនតំណាងប្រទេសផ្សេងៗក្នុងអាស៊ាន និងថ្នាក់ដឹកនាំផ្សេងៗជាច្រើនរូបដែលចូលរួមក្នុងកម្មវិធីនេះ។ បន្ថែមពីនេះទៅទៀត តាមរយៈកម្មវិធីនេះ លោកអាចពង្រឹងភាពក្លាហានរបស់ខ្លួនរៀននូវជំនាញថ្មីៗ ធ្វើនូវអ្វីដែលលោកមិនធ្លាប់ធ្វើកន្លងមកដែលវាជាបទពិសោធន៍មួយដែលបានផ្លាស់ប្តូរលោកជាច្រើន។

លោក វីវីដបានរៀបរាប់បន្តទៀតថា អនុស្សាវរីយ៍នៅពេលដែលចូលរួមកម្មវិធីនេះដែលលោកចាំមិនភ្លេចគឺជាពេលមួយដែលលោកបានធ្វើដំណើរជាមួយនឹងយុវជនផ្សេងទៀតតាមនាវាដែលឆ្លងកាត់ប្រទេសកម្ពុជានិងមានការស្វាគមន៍យ៉ាងកក់ក្តៅពីយុវជនក្នុងប្រទេសរបស់ខ្លួនដែលមិននឹកស្មានថាខ្លួនអាចចូលរួមកម្មវិធីមួយដែលបង្ហាញឱ្យឃើញថាយុវជនកម្ពុជាពិតជាមានការគោរពស្រលាញ់ក្នុងការលើកមុខមាត់កិត្តិយសប្រទេសរបស់ខ្លួនតាមរយៈសកម្មភាពជាច្រើនបែបនេះ។

អ្វីដែលពិសេសជាងនេះទៅទៀត កន្លងមកកម្មវិធីនេះប្រព្រឹត្តទៅក្នុងរយៈពេលយូរ ដោយសារតែយុវជនត្រូវជិះលើនាវាដើម្បីធ្វើជាសកម្មភាពផ្សេងៗជាច្រើនពាក់ព័ន្ធនឹងកម្មវិធីបែបវប្បធម៌ ជាពិសេសការធ្វើដំណើរតាមនាវា វាជាបទពិសោធន៍មួយដែលតម្រូវឱ្យមានភាពអត់ធ្មត់ជាច្រើន និងការព្យាយាមរក្សាសុវត្ថិភាពខ្លួនឯងនៅលើទីតាំងមួយដែលមានរលកបក់បោក ពេលខ្លះស្ទើរតែត្រូវសម្តែងនៅលើនាវាដែលកំពុងតែត្រូវបានបក់បោកដោយរលកទឹក។ ទោះជាយ៉ាងណាក៏ដោយ វាក៏ជាវេលាមួយដែលយុវជនកម្ពុជា និងយុវជនផ្សេងទៀតមានឱកាសក្នុងការដកពិសោធន៍ពីភាពដ៏លំបាកមួយនេះ ដើម្បីអាចឈានទៅរកការចាប់ក្តីស្រមៃរបស់ខ្លួននាពេលអនាគតដ៏ត្រចះត្រចង់ផងដែរ។

បើតាមលោក វីវីដបានឱ្យដឹងថាពីមុនមក ដើម្បីអាចដាក់ពាក្យចូលរួមបាន យុវជនត្រូវទៅកាន់នាយកដ្ឋានយុវជនដើម្បីទិញពាក្យ និងបំពេញបែបបទផ្សេងទៀតជាច្រើន ទម្រាំអាចឆ្លងកាត់ការប្រលងយ៉ាងសម្រិតសម្រាង និងអាចឈានទៅដល់វគ្គសម្ភាសបាន។

ផ្ទុយទៅវិញ នៅក្នុងឆ្នាំនេះ ការដាក់ពាក្យមានភាពប្រសើរជាងមុន ពីព្រោះថាសិស្ស ឬយុវជនគ្រាន់តែធ្វើការបំពេញពាក្យតាមប្រព័ន្ធអនឡាញ បំពេញនូវសំណួរព័ត៌មានផ្ទាល់ខ្លួនតែប៉ុណ្ណោះដែលបង្កភាពងាយស្រួលជាងមុនទៅទៀតសម្រាប់យុវជន ប្រសិនបើត្រូវបានជ្រើសរើសទៅវគ្គបន្តទៀត យុវជននឹងឆ្លងកាត់វគ្គសម្ភាស។ ហេតុនេះ លោកសូមធ្វើការលើកទឹកចិត្តយុវជនក្នុងការដាក់ពាក្យដើម្បីអាចទទួលបានបទពិសោធន៍ថ្មីៗជាពិសេសគឺអាចមានឱកាសក្នុងការបំពេញតួនាទីក្នុងការតំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិតែម្តង។

គួរបញ្ជាក់ផងដែរក្រសួងអប់រំកំពុងតែ ជ្រើសរើសយុវជនតំណាងដើម្បីចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៧ នៅលើទឹកដីប្រទេសជប៉ុនដូចនេះប្រសិនបើមានចំណាប់អារម្មណ៍ សូមចូលទៅក្នុងគេហទំព័រក្រសួងអប់រំដើម្បីអាចដាក់ពាក្យបាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង