ភ្នំពេញ៖ អធិការរងខណ្ឌមួយរូប ត្រូវបានប្រឈមនឹងការអនុវត្តច្បាប់ ក្រោយរូបគេបានបានជិះម៉ូតូទៅឃាត់រថយន្ត ហើយរហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តដែលជាប្រជាពលរដ្ឋ។នេះបើយោងតាមការចុះផ្សាយរបស់ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ សីហានេះ បានចេញសេចក្តីបកស្រាយបំភ្លឺទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឱ្យមានអំពើហិង្សាកាលពីយប់ឈានចូលថ្ងៃទី ១៤ ខែសីហា។ បុរសម្នាក់បានជិះរថយន្តបុកឃឿនផ្ទះពលរដ្ឋបណ្តាលឱ្យខូចខាតបន្តិចបន្តួចបន្ទាប់មក មានអធិការរងខណ្ឌមួយរូប បានជិះម៉ូតូទៅឃាត់រថយន្ត ហើយរហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្ត។
យោងតាមសេចក្តីបំភ្លឺ បានអះអាងថា កាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ ។
សេចក្តីបំភ្លឺ បានសង្កត់ធ្ងន់ថា "ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យសម្បត្តិសាធារណៈ ត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាល បើអនុវត្តខុសគឺត្រូវតែអនុវត្តតាមច្បាប់"។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីដែលអនុវត្តខុស ដោយបានប្រេីអំពេីហិង្សាលេីប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត ៕