ប៉េកាំង៖ក្រុមមន្ត្រីក្នុងប្រទេសចិន នៅថ្ងៃ០៩ សីហា ចេញសេចក្តីប្រកាសថាយ៉ាងហោចណាស់មានមនុស្សចំនួន ៣៣ នាក់បាន ស្លាប់ និង ១៨ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតនៅក្នុងទីក្រុងប៉េកាំង។ ប្រទេសចិនបានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការជន់លិចតំបន់ជាយក្រុងរបស់ទីក្រុង និងតំបន់ជុំវិញ។ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ៣៣ នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នាពេលថ្មីៗនេះ ភាគច្រើនស្លាប់ដោយសារទឹកជំនន់ និងការដួលរលំនៃអគារ។
លោក Xia Linmao អភិបាលរងក្រុងប៉េកាំង បានលើកឡើងថា គាត់ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះអ្នកដែលបានស្លាប់ក្នុងការរងគ្រោះដោយទឹកជំនន់។ ទឹកជំនន់នៅទូទាំងភាគខាងជើងប្រទេសចិន មានមនុស្សស្លាប់ និងបាត់ខ្លួនចំនួន ១៤៧ នាក់កាលពីខែមុន ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ នៅក្នុងខេត្ត Hebei ដែលនៅជិតទីក្រុងប៉េកាំង មានមនុស្ស ១៥នាក់បានស្លាប់ និង ២២ នាក់កំពុងបាត់ខ្លួន។ ហើយនៅភាគឦសាន Jilin មានមនុស្ស ១៤ នាក់បានស្លាប់ និងម្នាក់ត្រូវបានគេរាយការណ៍ថាបាត់ខ្លួនកាលពីថ្ងៃអាទិត្យ។ នៅក្នុងទីក្រុង Heilongjiang ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទន្លេរាប់សិបបានឃើញថាកម្រិតទឹកកើនឡើងលើសពី "សញ្ញាព្រមាន" ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ចំណែកលោក Zheng Xiaokang មន្ត្រីប៉ូលីស ឲ្យដឹងផងដែលថាលោកនៅតែមានអារម្មណ៍ភ័យខ្លាចនៅពេលដែលគាត់នឹកឃើញពីទឹកជំនន់នាពេលថ្មីៗនេះ ដូចជាការធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់ និងទឹកទន្លេកើនឡើងខ្ពស់ ដែលបង្កឲ្យមាននូវផលវិបាកនឹងមានការបំផ្លិចបំផ្លាញ ប្រសិនបើមិនបានគ្រប់គ្រងការជម្លៀសអ្នកភូមិទាន់ពេលវេលា។ លោកបន្ថែមថាមនុស្សរាប់លាននាក់បានរងការវាយប្រហារដោយសារអាកាសធាតុប្រែប្រួលខ្លាំង និងរលកកំដៅបានអូសបន្លាយជុំវិញពិភពលោកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕