រុស្សី៖ កងកម្លាំងរបស់រុស្សីបានវាយប្រហារលើគោលដៅអ៊ុយក្រែន និងបានវាយបកតាមទិសដៅជាច្រើនក្នុងសមរភូមិពិសេសៗ ហើយរុស្សីបានកម្ទេចតំបន់យោធា សព្វាវុធ រួមមានរថក្រោះ កាំភ្លើងយន្តនិងផ្តាច់ជីវិតទាហានអ៊ុយក្រែនអស់ជាច្រើននាក់។ ខណៈដែលអ៊ុយក្រែនបានអះអាងវិញថា ខ្លួនបានបើកការវាយប្រហារតាមអាកាសជាច្រើនលើក និងបាញ់ផ្លោងទៅលើទីតាំងរបស់រុស្ស៊ី នេះបើយោងតាមការសង្ខេបព័ត៌មានផ្លូវការពីក្រសួងការពារជាតិរបស់ប្រទេសទាំងពីរចុះផ្សាយនាថ្ងៃច័ន្ទសប្តាហ៍នេះ។
ក្រសួងការពារជាតិរុស្ស៊ីបានចេញរបាយការណ៍សមរភូមិមួយដោយលើងឡើងថា កងទ័ពរុស្ស៊ីបានប្រើប្រាស់សព្វាវុធដែលមានភាពជាក់លាក់ខ្ពស់ដើម្បីធ្វើការវាយប្រហារជាបន្តបន្ទាប់តាមរយៈសមុទ្រ និងពីលើអាកាសលើមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន ហើយបានបំពេញគោលដៅដែលបានកំណត់ទុកជាមុន។កងទ័ពរុស្ស៊ីបានវាយលុកការវាយប្រហាររបស់កងទ័ពអ៊ុយក្រែននៅទីក្រុង Donetsk, Krasny Liman, Zaporizhzhia, Kupyansk និងទិសដៅផ្សេងទៀតជាច្រើនរបស់សត្រូវ។ កងកម្លាំងការពារដែនអាកាសរុស្ស៊ីក៏បានស្ទាក់ចាប់គ្រាប់រ៉ុក្កែត HIMARS ចំនួន ១១គ្រឿង និងមីស៊ីលប្រឆាំងរ៉ាដា HARM ដែលផលិតដោយសហរដ្ឋអាម៉េរិកផងដែរ។
នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានចេញរបាយការណ៍ដោយអះអាងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងទ័ពអ៊ុយក្រែនបានបន្តបើកប្រតិបត្តិការវាយលុកតាមទិសដៅនៃទីក្រុង Melitopol និង Berdyansk និងមានការប្រយុទ្ធរាប់សិបដងជាមួយកងទ័ពរុស្ស៊ី។កងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារតាមអាកាសជាច្រើនលើកទៅលើទីតាំងរបស់យោធា និងបរិក្ខាររបស់រុស្ស៊ី ហើយបានវាយប្រហារប៉ុស្តិ៍បញ្ជាការរុស្ស៊ី ឃ្លាំងរំសេវ ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងគោលដៅផ្សេងទៀតជាច្រើន៕