Yearendyearend1140x150

ផ្លូវ«បន្តវេន»លោក ហ៊ុន ម៉ាណែត ក្រាលដោយកម្រាលព្រំក្រហមនិងរោយដោយផ្កាកូលាប

នយោបាយ
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងកំសត់របស់សម្តេច ហ៊ុន សែន

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងកំសត់របស់សម្តេច ហ៊ុន សែន ត្រូវបានក្លាយជា«នាយករដ្ឋមន្ត្រី»កម្ពុជាផ្លូវការនៅថ្ងៃទី ៧ សីហា ឆ្នាំ២០២៣នេះ។នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា បន្ទាប់ពីសម្តេច ហ៊ុន សែន កាន់អំណាចអស់រយៈពេលជិត ៤០ឆ្នាំ ជាមួយការនាំមកនូវ សន្តិភាព និង ការអភិវឌ្ឍជូនកម្ពុជាមកដល់សព្វថ្ងៃ។ផ្លូវ«បន្តវេន»លោក ហ៊ុន ម៉ាណែត រហូតក្លាយជានាយករដ្ឋមន្ត្រីថ្មីពេលនេះ ជាផ្លូវត្រូវក្រាលដោយកម្រាលព្រំក្រហម និង រោយដោយស្រទាប់ផ្កាកូលាប ខុសពីជំនាន់សម្តេច ហ៊ុន សែន ប្រឈមដោយសង្គ្រាមស៊ីវិលផ្ទៃក្នុង។

ដំណើរផ្លូវឆ្ពោះទៅបន្តវេនពីសម្តេច ហ៊ុន សែន របស់លោក ហ៊ុន ម៉ាណែត បានមកដល់គោលដៅហើយ នៅថ្ងៃទី ៧ សីហា ឆ្នាំ២០២៣នេះ ក្រោយរង់ចាំអស់រយៈពេលជាច្រើនខែ។មុនក្លាយជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧ លោក ហ៊ុន ម៉ាណែត ទទួលបានការត្រួសត្រាយផ្លូវបានយ៉ាងល្អពីសម្តេច ហ៊ុន សែន ជាពិសេស គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋ និង អង្គព្រះមហាក្សត្រ។ជាដំណើរផ្លូវដែលប្រៀបបាន ក្រាលដោយកម្រាលព្រំក្រហម និង រោយដោយស្រទាប់ផ្កាកូលាប ផ្តល់ជូនពីសាធារណៈជន។

លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន កើតក្នុងសម័យសង្គ្រាមបែកពីឪពុកតាំងពីនៅក្នុងផ្ទៃពោះម្តាយ ហើយសម្តេចកិត្តព្រឹទ្ធបណ្ឌិតដែលត្រូវជាភរិយារបស់សម្តេច ហ៊ុន សែន ប្រឹងប្រែង តស៊ូចិញ្ចឹមក្នុងពេលវេលាដ៏លំបាកបំផុតក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា។

បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត គឺជាបុគ្គលលេចធ្លោជាងគេក្នុងចំណោមក្រុមអ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា។ជានាយឧត្តមសេនីយ៍ផ្កាយមាស៤ បញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាម៉េរិក West Point និង បានទទួលសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Bristol នៃប្រទេសអង់គ្លេស។ក្រៅពីមុខជំនាញទាំងពីរនេះ លោកបានសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ និង ការទទួលខុសត្រូវជាច្រើននៅ ក្នុងវិស័យយោធា និង នៅក្នុងជួរគណបក្សប្រជាជន។

ដោយសារលោក ហ៊ុន ម៉ាណែត ទទួលបានការបណ្តោះបណ្តាលពីប្រទេសលោកខាងលិច។អ្នកជំនាញបរទេសជាច្រើន បាននឹងកំពុងរង់ចាំពីឥរិយាបថដឹកនាំរបស់លោក តើកម្ពុជាអាចមានការប្រែប្រួលលើចំណុចណាខ្លះ ហើយជាពិសេសនយោបាយការបរទេសដែលគេមើលឃើញថា កម្ពុជាទំនោរទៅរកចិន អាចនឹងវិលមកប្រទេសលោកខាងលិចវិញបានដែរឬទេ?

មុនលោក ហ៊ុន ម៉ាណែត ទទួលតំណែងជានាយករដ្ឋមន្ត្រី គេឃើញមាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាម៉េរិកជាច្រើនចាប់អារម្មណ៍ចង់ជួបជាមួយលោក ហ៊ុន ម៉ាណែត ហើយគ្រោងនឹងរៀបចំឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នាខែក្រោយ ដើម្បីជជែកពីការវិនិយោគនៅកម្ពុជា។ចំណែកមន្ត្រីជាន់ខ្ពស់អាម៉េរិកក៏កំពុងរៀបចំពេលវេលាណាត់ជួបផងដែរ។

ចំណែកការងារកំណែទម្រង់ផ្ទៃក្នុងនានាក្នុងប្រទេស ក្រុមអ្នកជំនាញ និង ប្រជាពលរដ្ឋជាច្រើនកំពុងទន្ទឹមរង់ចាំមើល តើលោក ហ៊ុន សែន អាចនឹងកែសម្រួលនៅចំណុចអ្វីខ្លះ ជាពិសេសអំពើអសកម្មរបស់មន្ត្រីមួយចំនួន និង បញ្ហាអំពើពុករលួយមួយចំនួនដែលតែងតែទទួលរិះគន់ពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

តែយ៉ាងណា ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ខណៈដែលប្រវត្តិសាស្ត្រកន្លងទៅឱ្យតែប្តូរមេដឹកនាំប្រទេសកម្ពុជាប្រឈមនឹងការបង្ហូរឈាមគ្នាមិនចេះចប់។លោក ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំយុវជនបន្តវេនប្រកបដោយសក្កានុពល នឹងចូលខ្លួនបន្តបេសកកម្មរបស់រាជរដ្ឋាភិបាល ដើម្បីនាំកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ ខណៈក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានគេរំពឹងថានឹងជាអ្នកដឹកនាំវ័យក្មេង ពោរពេញដោយកម្លាំង ថាមពល បញ្ញា និង បានឆ្លងកាត់បទពិសោធន៍ការងារក្នុងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិកន្លងមកផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង