Yearendyearend1140x150

សម្តេច ស ខេង៖ CPP រឹងមាំខ្លាំងទើបឈ្នះរាល់ការបោះឆ្នោតគ្រប់អាណត្តិ

នយោបាយ
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/

ភ្នំពេញ៖សម្តេច ស ខេង​ អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី​៤ សីហានេះ បានចេញសារផ្ញើជូនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងសាធារណៈជុំវិញការចោទប្រកាសក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ក្នុងសារនោះសម្តេច ស ខេង បានអះអាងថា ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាគឺរឹងមាំណាស់ ហើយសម្តេចគោរពតាមការសម្រេចចិត្តរបស់ប្រធានគណបក្ស និង ប្តេជ្ញាជួយទំនុកបម្រុងឲ្យរដ្ឋាភិបាលថ្មី។

សម្តេច ស ខេង បានគូសបញ្ជាក់ថា​ ជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឲ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និង ការបន្តគាំទ្រយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ប្រសិនបើមានការបែកបាក់ដូចការគិតស្មានរបស់ពួកគេមែននោះ ម្លេះសមគណបក្សប្រជាជនកម្ពុជា មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជន កាន់តែច្រើនជាលំដាប់ ពីអាណត្តិមួយ ទៅអាណត្តិមួយនោះទេ។

បើតាមសម្តេច ស ខេង ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះ ពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះបានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែធ្វើនយោបាយដ៏ឆោតល្ងង់ មានឧបាយកលទុច្ចរិត តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេច ស ខេង ថ្លែងថា​"គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្រ្ត នៃបេសកម្មរបស់ខ្លួន គ្រប់កាលៈទេសៈ គឺសុទ្ធតែមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅ ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបានមានប្រសាសន៍បញ្ជាក់រួចហើយ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ម្សិលម៉ិញនេះ។"

 ក្នុងនាមសម្តេច ស ខេង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានអះអាងថា សម្តេចតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត។

ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត សម្តេចក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ហើយនឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យតាមគោលការណ៍ទាំងឡាយដែលសម្រេចដោយសន្និបាតគណបក្សប្រជាជនកម្ពុជា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង