ចិន៖ ប្រធានាធិបតីចិនលោក ស៊ីជិនភីង នាថ្ងៃអង្គារ៍នេះបានអំពាវនាវឱ្យទាហានឆ័ត្រយោងចិនបន្តការយកចិត្តទុកដាក់ ពង្រឹងជំនាញរបស់ខ្លួន និងខិតខំបង្កើតកម្លាំងកាន់តែខ្លាំងដើម្បីត្រៀមប្រយុទ្ធ នឹងការពារទឹកដីរបស់ប្រទេសចិន។ លោក ស៊ី ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយឆ្លើយតបទៅទាហានឆ័ត្រយោងរបស់ចិន លោកក៏បានចូលរួមអបអរនិងស្វាគមន៍ការចូលមកដល់នៃពិធីបុណ្យប្រពៃណីរបស់ទាហានចិនផងដែរ។
នៅក្នុងលិខិតឆ្លើយតប លោក ស៊ី បាននិយាយថា លោកមានសេចក្តីសោមនស្សរីករាយក្នុងការស្វែងយល់អំពីវឌ្ឍនភាពដែលកងទាហានចិនបានសម្រេច និងសម្តែងនូវក្តីសង្ឃឹមថា ទាហានឆ័ត្រយោងនៅតែប្តេជ្ញាចិត្តក្នុងបេសកកម្មរបស់ពួកគេ គោរពប្រពៃណីដ៏ល្អរបស់ខ្លួន បង្កើនភាពក្លាហានរបស់ពួកគេ ពង្រឹងជំនាញរបស់ពួកគេ និងចូលរួមក្នុងការការពារទឹកដីមាតុភូមិរបស់ប្រទេសចិនឲ្យបានប្រសើរ។
ថ្មីៗនេះ នាយទាហាន និងទាហានទាំងអស់នៃក្រុមទាហានលោតឆ័ត្របានសរសេរសំបុត្រមួយច្បាប់ទៅកាន់លោក ស៊ី ដោយរាយការណ៍អំពីគំនិត និងការងាររបស់ពួកគេក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបង្ហាញពីជំនឿរបស់ពួកគេ និងតាំងចិត្តដើម្បីចងចាំពីការទុកចិត្តរបស់លោក ស៊ី ហើយក្រុមទាហានទាំងនោះបាននាំគ្នាប្តេជ្ញាចិត្តការពារទឹកដីមាតុភូមិចិនឲ្យបានល្អប្រសើរជាទីបំផុត៕