ចិន៖ ទឹកភ្លៀងធ្លាក់ និងព្យុះទីហ្វុកដុកសូរីបានបោកបក់តំបន់មួយចំនួនជាច្រើនក្នុងប្រទេសចិនដែលបានបណ្តាលឲ្យពលរដ្ឋចិនជាង៤០ម៉ឺននាក់បង្ខំចិត្តជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការខូចខាតពីគ្រោះនៃទឹកជំនន់ និងព្យុះទីហ្វុងដុកសូរីដែលកំពុងវាយប្រហារតំបន់ជាច្រើនដូចជា បេកាំង,ហ្វូចៀន,ស៊ាមីន, និងតំបន់ជាច្រើនទៀតក្នុងប្រទេសចិន។
ទីក្រុងប៉េកាំងបានចេញការប្រកាសអាសន្នពណ៌ក្រហមសម្រាប់តំបន់មួយចំនួន ខណៈដែលភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់ដោយសារតែការវាយប្រហាររបស់ព្យុះទីហ្វុងដុកសូរី Doksuri ដែលជាព្យុះទីហ្វុងទី ៥ក្នុងឆ្នាំនេះបានបោកបក់នៅក្នុងខេត្ត Fujian ភាគខាងកើតកាលពីព្រឹកថ្ងៃទី ២៨ ខែកក្កដា។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុពណ៌បួនជាន់សម្រាប់ព្រមាន ដោយពណ៌ក្រហមតំណាងឱ្យកម្រិតធ្ងន់ធ្ងរបំផុតតាមពីក្រោយដោយពណ៌ទឹកក្រូច លឿង និងខៀវ។គិតត្រឹមថ្ងៃអង្គារ៍នេះ ទីក្រុងប៉េកាំងបានកត់ត្រាទឹកភ្លៀងជាមធ្យម ១៦៥ មីលីម៉ែត្រ ជាមួយនឹងទឹកភ្លៀងខ្ពស់បំផុត ៥៨០ មីលីម៉ែត្រនៅតំបន់ជាយក្រុងភាគខាងលិចស្រុក Mentougou ។
ក្រុមប្រព័ន្ធលូក្នុងទីក្រុងប៉េកាំងបានបញ្ជូនបុគ្គលិកជាង ២,៦០០ នាក់ក្នុង ២៥២ ក្រុមសម្រាប់ការឆ្លើយតបជាបន្ទាន់ និងជួយសង្រ្គោះពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ពីព្យុះទីហ្វុង និងទឹកជំនន់។
ទីប្រជុំជន Zhoukoudian ក្នុងទីក្រុងប៉េកាំង ជាកន្លែងដែលទីតាំងបេតិកភណ្ឌវប្បធម៌ពិភពលោកដំបូងរបស់ប្រទេសចិន បានកត់ត្រាទឹកភ្លៀងលើសពី ២០០ មីលីម៉ែត្រ ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ។ រដ្ឋាភិបាលក្នុងតំបន់បានជម្លៀសប្រជាជនចំនួន ៦២ គ្រួសារទៅកាន់តំបន់សុវត្ថិភាព។
លោក Zhang Datong អនុប្រធានទីប្រជុំជន Zhoukoudian ក្នុងទីក្រុងប៉េកាំងបានឲ្យដឹងថា "យើងបានផ្ទេរ និងតាំងទីលំនៅថ្មីដល់ក្រុមគ្រួសារដែលកំពុងតែរងគ្រោះហើយបានប្រកាសឲ្យផ្អាកដំណើរទេសចរនៅក្នុងកន្លែងមានអាសន្នជាបន្ទាន់។
ចំណែកក្រុងធានជីន ដែលនៅជិតខាងក្រុងប៉េកាំងបានបន្តចេញការប្រកាសអាសន្នពណ៌លឿងសម្រាប់ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃចន្ទ។រដ្ឋបាលចរាចរណ៍ក្នុងតំបន់បានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់ ហើយមន្ត្រីប៉ូលីសជាង ៣,៦០០ នាក់ត្រូវបានដាក់ពង្រាយនៅតាមផ្នែកផ្សេងៗដើម្បីធានាបាននូវចរាចរណ៍ប្រកបដោយសុវត្ថិភាព និងរលូន។
ខេត្ត Hebei បានរក្សាការប្រកាសអាសន្នពណ៌ក្រហមរបស់ខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃចន្ទ។ ទីក្រុង Langfang ក្នុងខេត្ត Hebei បានជម្លៀសប្រជាជនជាង ៤៧០ គ្រួសារកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទក្នុងគ្រាអាសន្ន។នាយកដ្ឋានផ្លូវដែករបស់ប្រទេសចិនបានបិទជាបណ្តោះអាសន្ននូវខ្សែរថភ្លើង និងផ្នែកដឹកជញ្ជូនមួយចំនួននៅក្នុងតំបន់ Beijing-Tianjin-Hebei សម្រាប់ការព្រួយបារម្ភអំពីសុវត្ថិភាព និងបានរឹតបន្តឹងល្បឿនរថភ្លើងនៅក្នុងផ្នែកផ្លូវដែកមួយចំនួនដែលឆ្លងកាត់ក្នុងតំបន់។
គួរបញ្ជាក់ថាព្យុះទីហ្វុងដុកសូរីបានវាយប្រហារប្រទេសចិនកាលពីសប្តាហ៍មុនដោយបានធ្វើឲ្យពលរដ្ឋរបស់នៅក្នុងតំបន់គ្រោះអាសន្នជាង៤០ម៉ឺននាក់បានបង្ខំចិត្តជម្លៀសខ្លួនពីលំនៅដ្ឋានទៅកាន់ទីកន្លែងសុវត្ថិភាព ព្យុះទីហ្វុងនេះគឺជាព្យុះទី៥ក្នុងប្រទេសចិនដែលបានគំរាមគំហែងដល់អាយុជីវីតពលរដ្ឋចិនជាច្រើនម៉ឺននាក់ ព្យុះនេះក៏បានបើកបក់ដល់ប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហើយកម្ពុជាយើងក៏ទទួលរងឥទ្ធិពលមួយចំនួនពីព្យុះនេះផងដែរ៕