ចិន៖ ព្យុះទីហ្វុងដុកសូរីបានធ្វើឲ្យមនុស្សជាង ៨៨០,០០០នាក់ រងផលប៉ះពាល់យ៉ាងខ្លាំង នៅក្នុងខេត្តខេត្ត Fujian ភាគខាងកើតប្រទេសចិន ដែលបានបោកបក់កាលពីថ្ងៃសុក្រ។ ព្យុះទីហ្វុងដុកសូរីបានបោកបក់មកលើឆ្នេរនៃទីក្រុង Jinjiang ដោយបាននាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។ ហើយព្យុះនេះបានបោកបក់ទៅខេត្ត Jiangxi នៅយប់ថ្ងៃសុក្រដែលបណ្តាលឲ្យពលរដ្ឋចិនជាច្រើនក្នុងភាគខាងលិចនៃប្រទេសចិនរងផលប៉ះពាល់ជាខ្លាំងពីឥទ្ធិពលនៃព្យុះទីហ្វុងដុកសូរី។
ទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងខេត្ត Fujian បានឲ្យដឹងថាមនុស្សប្រមាណជាង ៣៥៤,៤០០ នាក់ត្រូវបានជម្លៀសចេញ ហើយមនុស្ស ១៤៦,២០០ នាក់ត្រូវបានផ្លាស់ទីលំនៅទៅកាន់តំបន់ដែលមានសុវត្ថិភាព។ កាលពីសប្តាហ៍មុនមានមនុស្សជាង ៤,០០០ នាក់នៅក្នុងសង្កាត់ Xiang'an ទីក្រុង Xiamen ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ដោយសារតំបន់នេះអាចនឹងមានការវាយប្រហារដោយការរអិលបាក់ដីផងដែរ។
មេបញ្ជាការ Xie Hai បាននិយាយថា ដោយសារតែមានហានិភ័យនៃការរអិលបាក់ដីនៅលើភ្នំ នៅភូមិ Guzhai ក្នុងស្រុក Xiang'an ក្រុមមន្ត្រីភូមិបានចុះជួយប្រជាពលរដ្ឋហើយផ្ទេរពួកគាត់ទៅកន្លែងមានសុវត្ថិភាព។ ហើយប្រជាពលរដ្ឋច្រើនដែលរស់នៅទីនោះបានទៅស្នាក់នៅនៅលំនៅឋានជាមួយសាច់ញាតិឬមិត្តភ័ក្ដិរបស់ ពួកគេ។ នៅក្នុងគ្រោះមយន្តរាយនេះមានផ្ទៃដីស្រែចំការជាង ៦,៣៣៣ហិកតានៅក្នុងខេត្ត Fujian ត្រូវបានរងផលប៉ះពាល់ ដោយជាង ១៥១ ហិកតាទទួលរងការបាត់បង់ដំណាំទាំងស្រុង។ ផ្ទះសរុបចំនួន ៤៤ ខ្នងបានដួលរលំ និងផ្ទះចំនួន ១៧៨ ខ្នងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការខាតបង់នូវសេដ្ឋកិច្ចផ្ទាល់ប្រមាណជាង ៥៩,៩៩ លានដុល្លារអាម៉េរិក។
យោងតាមការព្យាករណ៍ឧតុនិយមស្រុកបានបង្ហាញថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅតំបន់ជាច្រើននៃខេត្ត Fujian ហើយស្ថានីយ៍សង្កេតការណ៍ក្នុងស្រុកចំនួនប្រាំមួយបានកត់ត្រាតួលេខទឹកភ្លៀងប្រចាំថ្ងៃខ្ពស់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៦១ ។ ការិយាល័យឧតុនិយមខេត្តបានចេញការព្រមានសម្រាប់គ្រោះមហន្តរាដែលអាចកើតមានដូចជា ទឹកជំនន់ ការរអិលបាក់ដី និងការលិចលង់ក្នុងទីក្រុងតាមតំបន់សំខាន់ៗមួយចំនួន៕