ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មនុស្ស ៤៤ នាក់បានស្លាប់ និងជាង ១០០ នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯការជួបជុំនយោបាយនៃគណបក្សអ៊ីស្លាមឈានមុខគេនៅភាគពាយព្យប្រទេសប៉ាគីស្ថាន។
ការបំផ្ទុះនេះសំដៅទៅលើគណបក្ស Jamiat Ulema-e-Islam-F (JUI-F) ដែលជាដៃគូរដ្ឋាភិបាលចម្រុះដឹកនាំដោយបព្វជិតដ៏មានឥទ្ធិពលម្នាក់ ខណៈដែលអ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្រោមដំបូលផ្ទះនៅទីក្រុង Khar ជិតព្រំដែនអាហ្វហ្គានីស្ថាន។
លោក Sabeeh Ullah ដែលជាអ្នកគាំទ្រគណបក្សអាយុ ២៤ ឆ្នាំដែលដៃរបស់គាត់បាក់ដោយការបំផ្ទុះបាននិយាយថាទំហំនៃការរងរបួសគឺគួរឱ្យរន្ធត់ណាស់។គាត់បានប្រាប់ AFP តាមទូរស័ព្ទថានេះគឺជាសោកនាដកម្មដ៏គួរឲ្យរន្ធត់មួយដែលលោកមិនធ្លាប់បានជួបប្រទះក្នុងឆាកជីវិត លោកបន្ថែមថាមានជនរងគ្រោះជាច្រើននាក់ផ្សេងទៀតបាននាំគ្នារត់ទៅរកកន្លែងមាសុវត្ថិភាព និងបន់ស្រន់ឲ្យរស់រានមានជីវិតបន្ត។
លោក Riaz Anwar ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃខេត្ត Khyber Pakhtunkhwa នៃប្រទេសប៉ាគីស្ថាន បានប្រាប់ AFP កាលពីល្ងាចថ្ងៃអាទិត្យថា មនុស្សចំនួន ៤៤ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និងជាង ១០០ នាក់បានរងរបួស។ លោកបានប្រាប់ AFP ថា "វាគឺជាការវាយប្រហារអត្តឃាត ដោយអ្នកបំផ្ទុះគ្រាប់បែកបានបំផ្ទុះខ្លួនឯងនៅជិតឆាក"។
ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានឲ្យដឹងថា មានមនុស្សប្រហែល ៤០០ នាក់នៅក្នុងជុំរុំប្រជុំនៅពេលមានការផ្ទុះ ហើយក្រុមសង្គ្រោះបន្ទាន់ជាច្រើនកំពុងធ្វើការនៅកន្លែងកើតហេតុ។រូបភាពពីកន្លែងផ្ទុះដែលផ្សព្វផ្សាយលើបណ្តាញសង្គមបានបង្ហាញសាកសពរាយប៉ាយនៅជុំវិញកន្លែងកើតហេតុ។
សភាជាតិរបស់ប្រទេសប៉ាគីស្ថាននឹងត្រូវរំលាយនៅប៉ុន្មានសប្តាហ៍ខាងមុខ មុនពេលការបោះឆ្នោតដែលរំពឹងទុកក្នុងខែតុលា ឬវិច្ឆិកា ហើយគណបក្សនយោបាយកំពុងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរួចហើយ។
ការផ្ទុះនេះកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរបស់គណៈប្រតិភូជាន់ខ្ពស់នៃមន្ត្រីចិន រួមទាំងឧបនាយករដ្ឋមន្ត្រី He Lifeng ដែលបានមកដល់រដ្ឋធានីកាលពីល្ងាចថ្ងៃអាទិត្យ។នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានថ្កោលទោសការបំផ្ទុះកាលពីថ្ងៃអាទិត្យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយផ្តល់ការរំលែកទុក្ខដល់ជនរងគ្រោះ និងប្តេជ្ញាដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹតិ្ត៕