ថៃ៖ ចំនួនអ្នកស្លាប់បន្ទាប់ពីការផ្ទុះឃ្លាំងផលិតកាំជ្រួចនៅភាគខាងត្បូងប្រទេសថៃបានកើនឡើងដល់ ១២ នាក់ និងជាង ១០០ នាក់ផ្សេងទៀតបានរងរបួស ដែលភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាខ្លាំង។មន្ត្រីក្នុងតំបន់បានឲ្យដឹងថាឃ្លាំងផលិតកាំជ្រួចបានឆាបឆេះកាលពីរសៀលថ្ងៃសៅរ៍នៅឯឃ្លាំងដែលគ្មានការអនុញ្ញាតក្នុងខេត្តណារ៉ាធីវ៉ាត់ភាគខាងត្បូងជាប់ព្រំដែនប្រទេសម៉ាឡេស៊ី។ ផ្ទះជាង ២០០ ខ្នងនៅជុំវិញឃ្លាំងត្រូវបានខូចខាតដោយសារការផ្ទុះដែលប៉ះពាល់ដល់មនុស្សជាង ៣៦០នាក់ ។ មូលហេតុនៃឧប្បត្តិហេតុនេះកំពុងត្រូវបានស៊ើបអង្កេត។
អ្នកនៅរស់រានមានជីវិតបាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគ្រោះមហន្តរាយដែលនឹកស្មានមិនដល់ ដែលបានបំផ្លាញផ្ទះរបស់ពួកគេ និងបន្សល់ទុកនូវកម្ទេចកម្ទីនិងកាកសំណល់ពីការខូចខាតជាច្រើន។
លោក Abdulhagam Nide បាននិយាយថា "អ្វីៗដែលនៅសេសសល់ពីផ្ទះរបស់ខ្ញុំគឺគ្រាន់តែជាជញ្ជាំង ដំបូល និងបន្ទប់គេងត្រូវបានបំផ្លាញទាំងអស់។ ទូដាក់ខោអាវ និងសំលៀកបំពាក់ទាំងអស់ត្រូវបានឆេះ។ បច្ចុប្បន្ននេះអង្គភាពកម្ចាត់អាវុធជាតិផ្ទុះ (EOD) កំពុងស្វែងរកភស្តុតាងបន្ថែមជុំវិញនៃការផ្ទុះឃ្លាំងកាំជ្រួចនេះ៕