ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី ២៩ កក្ដដា បានជួបជាមួយគណៈប្រតិភូចិន ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី ៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ និងបានប្តេជ្ញាថានឹងអភិវឌ្ឍទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យឡើងដល់កម្រិតខ្ពស់ថ្មីមួយ។ លោក គីម ជុងអ៊ុន បានរៀបចំពិធីទទួលស្វាគមន៍មន្ត្រីចិន ដឹកនាំដោយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តលោក Li Hongzhong កាលពីថ្ងៃសុក្រ។ គណៈប្រតិភូចិនបានទៅចូលរួមជាលើកដំបូងចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមន្ត្រីចិន និងរុស្ស៊ីបានឈរក្បែរគ្នាជាមួយលោក Kim កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកទាំងពីរបានពិនិត្យមើលមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរថ្មីបំផុតរបស់កូរ៉េខាងជើង និងយន្តហោះគ្មានមនុស្សបើកវាយប្រហារនៅឯព្យុហយាត្រាយោធាក្នុងរដ្ឋធានី។
ការបង្ហាញខ្លួនរបស់មន្រ្តីធំៗរបស់រុស្សី និងចិននៅក្នុងព្រឹត្តិការណ៍ជាមួយនឹងមីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺផ្ទុយពីការហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយមិនឲ្យមានអាវុធនុយក្លេអ៊ែរក្នុងប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានឱ្យដឹងថា ក្បួនដង្ហែររួមមានមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 និង Hwasong-18 ចុងក្រោយបង្អស់របស់កូរ៉េខាងជើង ដែលត្រូវបានគេជឿថាមានរយៈចម្ងាយអាចវាយប្រហារគោលដៅជាច្រើនកន្លែងក្នុងសហរដ្ឋអាម៉េរិក៕