Cctimesw1140xh150cm copy

មូលនិធិអភិវឌ្ឍន៍ជំនាញ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១ បន្ទាប់ពីប្រែក្លាយជាបរធនបាលថ្មីៗនេះ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

បន្ទាប់ពីបានប្រែក្លាយជាបរធនបាល (Trust Fund) តាមរយៈ អនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ មូលនិធិអភិវឌ្ឍន៍ជំនាញ (ម.អ.ជ.) បានរៀបចំកិច្ចប្រជុំលើកទី ១ របស់ក្រុមប្រឹក្សាបរធនបាល កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីពិនិត្យសមិទ្ធផលការងារសំខាន់ៗ ព្រមទាំង កំណត់ទិសដៅយុទ្ធសាស្ត្រ និងសម្រេចលើផែនការការងារអាទិភាពសម្រាប់ឆមាសទី ២ នៃឆ្នាំ ២០២៣។ 

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃ ម.អ.ជ. និងមានការចូលរួមពីអនុប្រធាន និងសមាជិក ចំនួន ០៩ រូបផ្សេងទៀត មកពី ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:, ក្រសួងអប់រំ យុវជន និងកីឡា, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា, សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, និងសហព័ន្ធទេសចរណ៍កម្ពុជា។

ជាសាវតា រាជរដ្ឋាភិបាលកម្ពុជាបានមើលឃើញ និងទទួលស្គាល់ថាការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋ និងអោយត្រូវនឹងតម្រូវការសេដ្ឋកិច្ចជាតិទាំងបរិមាណ និងគុណភាព ជាគោលដៅអាទិភាពសម្រាប់រាជរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិ ក៏ដូចជាធានាចីរភាពកំណើនសេដ្ឋកិច្ចជាតិ ដើម្បីបង្កើតការងារប្រកបដោយជំនាញ និងមានបៀវត្សន៍ខ្ពស់ដល់ពលរដ្ឋកម្ពុជា។ អនុឡោមតាមគោលដៅជាយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានប្រែក្លាយគម្រោងសាកល្បងមូលនិធិអភិវឌ្ឍជំនាញ ដែលបានបង្កើតតាំងពីខែមីនា ឆ្នាំ២០១៨ អោយទៅជាបរធនបាល (Trust Fund) ដែលមានឈ្មោះថា មូលនិធិអភិវឌ្ឍន៍ជំនាញ (ម.អ.ជ.) កាលពីខែ ឧសភា ឆ្នាំ២០២៣ នេះ។ 

 ម.អ.ជ. មានចក្ខុវិស័យ ក្លាយខ្លួនជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្តបំផុត ក្នុងការអភិវឌ្ឍជំនាញអោយត្រូវនឹងតម្រូវការឧស្សាហកម្ម ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីចូលរួមសម្រេចអោយបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់រាជរដ្ឋាភិបាល ។ ម.អ.ជ បានផ្តល់ថវិកាបដិភាគសម្រាប់គម្រោងបណ្តុះបណ្តាលជំនាញសរុបចំនួន ១០០ គម្រោង ដែលមានថវិកាបដិភាគ ៥,៩ លានដុល្លារ (ស្នើនឹង ៥០%នៃថ្លៃបណ្តុះបណ្តាលសរុបប្រមាណ ១១,៧ លានដុល្លារ) និងសិក្ខាកាមសរុបចំនួន ១១ ៣០៩ នាក់ (ក្នុងនោះ ៤ ១៤៤ ឬ ៣៧% ជាស្ត្រី) ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ។

នៅក្នុងកិច្ចប្រជុំលើកទី ១ របស់ក្រុមប្រឹក្សាបរធនបាល ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានលើកឡើងថា “ការអភិវឌ្ឍជំនាញ ប្រកបដោយគុណភាព ហើយត្រូវនឹងតម្រូវការទីផ្សារ គឺជាកត្តាគន្លឹះក្នុងការទាក់ទាញវិនិយោគ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ដូចនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ នឹងចូលរួមជាមួយដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីកសាងធនធានមនុស្ស ដែលមានចំណេះ និងជំនាញខ្ពស់ ក្នុងគោលដៅបង្កើនមានភាពប្រកួតប្រជែងរបស់កម្ពុជា និងប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចអតិ-ពលកម្ម ទៅជាសេដ្ឋកិច្ចផ្អែកលើជំនាញ”។

ក្រោយពីបានពិភាក្សាយ៉ាងផុះផុល ក្រុមប្រឹក្សាបរធនបាលបានអនុម័តលើកិច្ចការចម្បងៗដូចខាងក្រោម៖

១). គោលការណ៍គ្រឹះ ដើម្បីតម្រង់ការងាររបស់ ម.អ.ជ. រួមមាន៖

១). ជំរុញការបណ្តុះបណ្តាលជំនាញឱ្យត្រូវនឹងតម្រូវការ (Demand-driven)

២). ធានា និងបង្កើនតម្លៃនៃលុយ (Value for Money)

៣). បំពេញការងារដោយផ្អែកលើលទ្ធផល (Performance-based)

២). ការរៀបចំ និងប្រព្រឹត្តទៅ នៃអង្គភាពប្រតិបត្តិ ម.អ.ជ ដែលដឹកនាំដោយនាយកប្រតិបត្តិ ត្រូវមានវិជ្ជាជីវៈ (lean and professional organization) ដែលអាចទាក់ទាញអ្នកមានទេពកោសល្យ និងបំពេញកិច្ចការប្រកបដោយប្រសិទ្ធិភាពជាមួយវិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

៣). ការរៀបចំនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម (SOP)ដោយផ្អែកលើបទពិសោធន៍កន្លងមក និងនិយាមអន្តរជាតិ ។

៤). ផែនការកម្មវិធីអាទិភាព និងផែនការថវិកាសម្រាប់ឆមាសទី២ ឆ្នាំ ២០២៣ ដើម្បីសម្រេចបានចក្ខុវិស័យ និងបេសកកម្មរបស់ ម.អ.ជ. ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានស្នើសុំឱ្យឯកឧត្តម លោកឧកញ៉ា លោកបណ្ឌិត ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាបរធនបាលទាំងអស់ចូលរួមជ្រុំជ្រែង, ជំរុញ និងសម្របសម្រួលការងារអាទិភាពរបស់ ម.អ.ជ. ជាពិសេសផ្តល់កិច្ចសហការដល់អង្គភាពប្រតិបត្តិ ម.អ.ជ. ដែលដឹកនាំដោយនាយកប្រតិបត្តិក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង