
ភ្នំពេញ៖ ទុរេនបែកអន្លូង ភាគច្រើនបំផុតមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេ និងមានចំនួនតិចតួចបំផុតចំពោះពូជទុរេនមាន់ថង មិនដូចការផ្សាយតាមបណ្តាញសង្គមថាមានលក់ទុរេនបែកអន្លូងយ៉ាងកក្រឹកកក្រេងនោះទេ។ នេះបើតាមសេចក្តីប្រកាសរបស់សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
បន្ទាប់ពីឃើញមានចរន្តលក់ដូរផ្លែទុរេនមួយចំនួននៅតាមបណ្តាក្រុងរាជធានី ខេត្តបានផ្សព្វផ្សាយលក់ដោយអះអាងថាជាទុរេនបែកអន្លូងយ៉ាងកក្រឹកកក្រេងទៅដល់អ្នកបរិភោគ ជាពិសេសតាមបណ្តាញសង្គម ដែលទាំងនេះវាធ្វើអោយប៉ះពាល់ដល់កសិករដាំទុរេននៅទឹកដីខាងបែកអន្លូងទាំងមូល អាជ្ញាធរបានប្រកាសបញ្ជាក់ថា ទុរេនបែកអន្លូងមិនទាន់ដល់ពេលប្រមូលផល ដោយមានត្រឹមតិចតួចបំផុត។

បើតាមសហគមន៍កសិកម្ម ទុនបែកអន្លូងស្ទឹងត្រង់ ទុរេនដែលដាក់លក់ទាំងនោះមិនមានប្រភពពិតប្រាកដឬក៏អាចជាទុរេននាំចូលមកពី ប្រទេសជិតខាងដែលចិនមិនអនុញ្ញាតិអោយចូលក៏ថាបានដែលទាំងនេះអាចបណ្តាលអោយប៉ះពាល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរ។

ប្រភពដដែលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ ទុរេនបែកអន្លូង ឬទុរេនមានប្រភពមកពីតំបន់បែកអន្លូងភាគច្រើនបំផុតមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេចំពោះពូជទុរេនមាន់ថង ហើយករណីទុរេនមាន់ថងដែលអាចកាត់បានគឺមានបរិមាណតិចតួចបំផុតដែលមិនអាចដាក់លក់ឬ ផ្សាយលក់យ៉ាងច្រើនឬដល់រាប់តោននោះបានដែរ៕