Cctime 6monthsfree desktop
Cc times  web banner kh (2)

រកឃើញរោងចក្រមួយកន្លែង បញ្ចេញសំណល់រាវបំពុលទឹកសាធារណៈជាង ៧គីឡូម៉ែត្រ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ស្ពឺ៖ ក្រុមការងារក្រសួងបរិស្ថាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយ លោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរកឃើញថា ក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd ដែលមានទីតាំងនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល (បំបែកពីឃុំត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលទឹកអូរចោត ក្នុងរយៈចម្ងាយប្រមាណ ៧គ.ម ចាប់ពីទីតាំងក្រុមហ៊ុន រហូតដល់ទំនប់អូរកូនត្រុំ។

យោងតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលរស់នៅក្រោមខ្សែទឹក (ក្រោយទីតាំងក្រុមហ៊ុន) បញ្ជាក់ថា បានរងផលប៉ះពាល់ដល់ការរស់នៅ ដូចជាទឹកបង្កឱ្យមានអាការៈរមាស់ មានត្រីងាប់ និងមិនអាចប្រើប្រាស់ទឹក សម្រាប់ស្រោចស្រពដំណាំបាន បណ្តាលមកពីក្រុមហ៊ុនខាងលើបាន បង្ហូរសំណល់រាវ ប្រមាណ ២ឆ្នាំមកហើយ។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ បានជីកស្រះ ឬទិញទឹកគេមកប្រើប្រាស់។

តាមរយៈការវិភាគគុណភាពទឹកបឋមរបស់អ្នកជំនាញ នៅទីតាំងផ្ទាល់ ប្រព័ន្ធអូរធម្មជាតិ ដែលរងការបំពុលនេះ មានកម្រិត pH និង DO ធ្លាក់ទាបខ្លាំង មិនអនុលោមកម្រិតកំណត់ស្តង់ដារ នៃការបញ្ចេញសំណល់រាវ និងអភិរក្សជីវៈចម្រុះនោះទេ។ អ្នកជំនាញ បានយកសំណាកទឹក ចំនួន៤ទីតាំង មកវិភាគនិងអនុវត្តនីតិវិធីច្បាប់បន្ត។ ជាមួយគ្នានេះ ក្រុមហ៊ុនបានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តខុសផ្ទុយនឹងច្បាប់ ដោយបានបំពុលអូរធម្មជាតិ ដូចដែលក្រុមការងារជំនាញបរិស្ថាន បានរកឃើញ និងសន្យាទទួលយក ការកែលម្អបច្ចេកទេស ឱ្យបានល្អប្រសើរ។

គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរឃុំយាយម៉ៅពេជ្រនិល និងអ្នកពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីបំពុលទឹក អូរធម្មជាតិ ដោយក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd.។ ចំពោះករណីនេះ ក្រុមការងារ បានអនុវត្តវិធានការច្បាប់ មាត្រា នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង