ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា នេះថា មីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរ និងយន្តហោះដ្រូនវាយប្រហារថ្មី ស្ថិតក្នុងចំណោមអាវុធដែលបានបង្ហាញនៅក្នុងក្បួនដង្ហែរយោធាដ៏ធំមួយ ដែលធ្វើឡើងនៅទីក្រុងព្យុងយ៉ាង របស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងគណៈប្រតិភូមកទស្សនកិច្ចពីប្រទេសចិន និងរុស្ស៊ី។
ក្បួនដង្ហែត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីរំលឹកខួបលើកទី ៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ ដែលបានប្រារព្ធនៅក្នុងប្រទេសកូរ៉េខាងជើង ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីគណៈប្រតិភូចិន និងរុស្ស៊ី រួមទាំងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu គឺជាអ្នកទេសចរដំបូងគេទៅកាន់កូរ៉េខាងជើង ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩បានចាប់ផ្តើម។
ការបង្ហាញខ្លួនរបស់មន្រ្តីធំៗរបស់រុស្សី និងចិននៅក្នុងព្រឹត្តិការណ៍ជាមួយនឹងមីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺផ្ទុយពីការហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយមិនឲ្យមានអាវុធនុយក្លេអ៊ែរក្នុងប្រទេសកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានឱ្យដឹងថា ក្បួនដង្ហែររួមមានមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 និង Hwasong-18 ចុងក្រោយបង្អស់របស់កូរ៉េខាងជើង ដែលត្រូវបានគេជឿថាមានរយៈចម្ងាយវាយប្រហារគោលដៅគ្រប់ទីកន្លែងក្នុងសហរដ្ឋអាម៉េរិក៕