ភ្នំពេញ៖ បណ្តាញសារព័ត៌មានក្នុងសកលោកជាច្រើននាថ្ងៃទី ២៦ កក្កដានេះ បាននាំគ្នាចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីសម្តេចហ៊ុន សែន បានប្រកាសផ្អាកធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បន្ទាប់ពីកាន់អំណាចអស់ជាង៣៨ឆ្នាំដែលជាការកាន់អំណាចដ៏យូរបំផុតក្នុងប្រវត្តិសាស្រ្តកម្ពុជា និង នៅទូទាំងពិភពលោក។ បណ្តាញសារព័ត៌មានទាំងនោះ បាននាំគ្នាចាប់ចំណងជើងធំៗដាក់នៅទំព័រខាងមុខផ្សេងៗគ្នាជុំវិញនៃការប្រកាសចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេច ហ៊ុន សែន។
សារព័ត៌មានរបស់អាម៉េរិក CNN បានចុះផ្សាយចាប់ចំណងជើងថា "លោក ហ៊ុន សែន មេដឹកនាំកាន់អំណាចយូរជាងគេលើពិភពលោកមួយរូបបានប្រកាសប្រគល់អំណាចឲ្យកូនប្រុសរបស់លោកបន្ទាប់ពីបានកាន់កាប់អំណាចអស់ជាង៤០ឆ្នាំ"។ ចំណែកសារព័ត៌មាន Bloomberg បានសរសេរចំណងជើងធំៗថា "លោក ហ៊ុន សែន បានប្រកាសប្រគល់អំណាចឲ្យកូនប្រុសរបស់ខ្លួនបន្ទាប់ពីបានកាន់អំណាចអស់រយៈពេល៤ទសវត្សរ៍"។
ដោយឡែកសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ បានដាក់ចំណងជើងថា "នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសចុះចេញពីតំណែងផ្ទេអំណាចឲ្យកូនប្រុសច្បងបន្ទាប់ពីបានឈ្នះឆ្នោតកាលពីប៉ុន្មានថ្ងៃកន្លងទៅ" កាសែតនេះក៏បានចុះផ្សាយថា សម្តេច ហ៊ុន សែន គឺជាមេដឹកនាំដ៏ខ្លាំងខ្លាដែលកាន់អំណាចយូរជាគេក្នុងតំបន់អាស៊ាន។ កាសែតអាម៉េរិកមួយទៀត New York Times បានចាប់ចំណងជើងថា "មេដឹកនាំដែលកាន់អំណាចយូរជាគេ លោក ហ៊ុន សែន បានចុះចេញពីតំណែង និង ផ្ទេឲ្យកូនប្រុសលោកបន្ទាប់ពីបានឈ្នះឆ្នោត អាណត្តិទី៧"។
គួរបញ្ជាក់ថា សម្តច ហ៊ុន សែន ផ្តើមទទួលតំណែងជា«នាយករដ្ឋមន្ត្រី»នៅថ្ងៃទី ១៤ មករា ឆ្នាំ១៩៨៥ គិតមកដល់ពេលបច្ចុប្បន្ននេះមានរយៈពេលជិត៤០ឆ្នាំ។ក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ សម្តេច ហ៊ុន សែន បានបន្សល់ទុកនូវ«ស្នាដៃ»ជាច្រើន សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈលះបង់ជីវិតស្វែងរក«សន្តិភាព»ជូនកម្ពុជា តាំងពីឆ្នាំ១៩៧៧ ហើយផ្តួលរលំខ្មែរក្រហមនៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ បង្កើតការចរចាសន្តិភាពក្រុងប៉ារីស នៅឆ្នាំ១៩៩១ និង បង្កើត នយោបាយឈ្នះ ឈ្នះ នាំមកនូវសន្តិភាព និងការអភិវឌ្ឍនដល់កម្ពុជានាពេលបច្ចុប្បន្ន៕