Cctimesw1140xh150cm copy

ម្ចាស់អាជីវកម្មនាំចូលបារីឬចែកចាយបារីបន្តនៅកម្ពុជាត្រូវបង់ពន្ធ១០%ចាប់ពីថ្ងៃទី០១សីហាខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឱ្យមានតម្លាភាព និងសង្គតិភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់គ្រប់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ អំពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម(អតប) ដោយក្នុងនោះសហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញនាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវប្រមូល អតប តាមអត្រា ១០(ដប់)ភាគរយ រាល់ការផ្គត់ផ្គង់បារីនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

បើតាមសេចក្ដីណែនាំ នីតិវិធីទាំងនោះរួមមាន៖១. ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញនាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវប្រមូល អតប តាមអត្រា ១០(ដប់)ភាគរយ រាល់ការផ្គត់ផ្គង់បារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អតប ដែលបានបង់នៅពេលនាំចូល ឬទិញក្នុងស្រុក ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងជាមួយ អាករលើធាតុចេញ។

២. ចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ សហគ្រាសត្រូវបានបន្តអនុញ្ញាតឱ្យបង់ អតប តែម្ដងគត់នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមក។

៣. សហគ្រាសត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់អាករស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ សេចក្តីណែនាំនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង