Cctimesw1140xh150cm copy

កម្ពុជា-បារាំង ចុះហត្ថលេខាលើហិរញ្ញប្បទានសហប្រតិបត្តិការ៣មានតម្លៃជាង១៩២លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)

ភ្នំពេញ៖ តំណាងរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣ លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២,២ លានដុល្លារអាម៉េរិក ក្នុងនោះ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និង កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា, លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំកម្ពុជា, និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។

ក្នុងពិធីចុះហត្ថលេខានោះ មានកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និង កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១ ដូចខាងក្រោម៖

១- “កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្ដារឡើងវិញអាងស្ទឹងស្វាយចេក (Svay Chek River Restoration and Maragement Project)” មានទឹកប្រាក់ឥណទានចំនួន ៩១ លានអឺរ៉ូ ត្រូវជាប្រមាណ ៩៥,៦ លានដុល្លារអាម៉េរិក ។ គម្រោងនេះ មានគោលបំណង៖ ១. ស្តារឡើងវិញស្ទឹងស្វាយចេក ស្ដារអាងស្តុកទឹកចំនួន ២៨ កន្លែងបង្កើនសមត្ថភាពចំនួន ៥ កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦ កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឲ្យប្រសើឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ២. គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប និង ៣. ពង្រឹងដល់ការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងអាងស្ទឹងស្វាយចេក និងរៀបចំយន្តការ តាមដាន វាយតម្លៃអំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង។

២- “កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន ទី ៣ (Bakheng Water Supply Project Phase III, Credit No.2)* គឺជាកញ្ចប់ឥណទានទី ២ ដែលមានទឹកប្រាក់ចំនួន ៨០ លានអឺរ៉ូ ត្រូវជាប្រមាណ ៨៤ លានដុល្លារអាម៉េរិក ។ កញ្ចប់ឥណទានទី ២ នេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការផលិតទឹកស្អាតរោងចក្រជ្រោយចង្វារឲ្យបាន ១៣០,០០០ម៣ថ្ងៃ, បំពាក់បំពង់មេនាំទឹក និងពង្រីកប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨០០ គីឡូម៉ែត្រ និងសាងសង់ទីស្នាក់ការកណ្ដាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។

៣- "កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១២ លានអឺរ៉ូ ត្រូវជាប្រមាណ ១២,៦ លានដុល្លារអាម៉េរិក ពីសហភាពអឺរ៉ុប តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣។ ជំនួយបច្ចេកទេសនេះ ផ្តោតលើ៖ ១. ការកសាងសមត្ថភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង នវានុវត្តន៍ តាមរយៈការជួយរៀបចំផែនការមេថ្នាក់ជាតិ សម្រាប់វិស័យទឹកស្អាត, ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់ជាតិ, គាំទ្រកំណែទម្រង់វិស័យទឹកស្អាត និងការបណ្តុះបណ្តាលផ្សេងៗ, និង ២. ការកសាងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារគ្រប់គ្រងអចលនទ្រព្យ, ការងារគ្រប់គ្រងហានិភ័យ, ការរៀបចំផែនការជំនួញ, ការគ្រប់គ្រងទឹកបាត់បង់ និងការតបណ្តាញសម្រាប់ប្រជាពលរដ្ឋចំណូលទាប៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង