
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៦ កក្កដានេះ បានសារសំឡេងពិសេសស្តីពីការលុបចោលគម្រោងចុះជួបសំណេះសំណាល និង សួរសុខទុក្ខកម្មករ-កម្មការិនីក្រោយការបោះឆ្នោតអាណត្តិទី៧ បានបិទបញ្ចប់។ក្នុងសារសំឡេងពិសេសនោះ សម្តេចបានបញ្ជាក់ថា ភាគរយខ្ពស់«នាយករដ្ឋមន្ត្រីថ្មី»នឹងទៅជួបកម្មករ-កម្មការិនីជំនួសនាយករដ្ឋមន្ត្រីចាស់"។សារពិសេសនេះ បានបញ្ជាក់កាន់តែច្បាស់ថា លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន ទំនងទទួលតំណែងជានាយករដ្ឋមន្ត្រីថ្មីនៅដើមអាណត្តិទី៧ ឆ្នាំ២០២៣នេះ។
តាមរយៈសារជាសំឡេងផ្ញើជូនកម្មករ-កម្មការិនីនៅព្រឹកនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ បានគូសបញ្ជាក់ថា សម្តេចបានសន្យានឹងជួបកម្មករ-កម្មការិនី នៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលគម្រោងនឹងរៀបចំឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ហើយក្នុងជំនួបនោះ អាចមានលទ្ធភាពខ្ពស់បំផុតនឹងមាន«នាយករដ្ឋមន្ត្រីថ្មី»នឹងទៅសួរសុខទុក្ខ កម្មករ-កម្មការិនី ជំនួសនាយករដ្ឋមន្ត្រីចាស់។
បើតាមសម្តេច ហ៊ុន សែន សម្ដេចមិនទៅណានោះទេ ដោយសម្ដេច នឹងបកស្រាយរឿងនេះ នៅថ្ងៃទី ៣ ខែ សីហាខាងមុខនេះ នៅក្នុងពេលសម្ពោធផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងរាជធានីភ្នំពេញ ជូនសាធារណៈជនឱ្យបានដឹងពីការរបត់ដ៏សំខាន់នៃមេដឹកនាំរបស់កម្ពុជា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧បានបិទបញ្ចប់ កាលពីថ្ងៃទី ២៣ កក្កដាកន្លងទៅនេះ។
ការប្រកាសរបស់សម្តេច ហ៊ុន សែន យ៉ាងដូច្នេះ សបញ្ជាក់ឱ្យកាន់តែច្បាស់ថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច និង ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនៃគណបក្សប្រជាជនកម្ពុជានៅថ្ងៃអនាគតនឹងទទួលបន្តតំណែងពី សម្តេច ហ៊ុន សែន នៅដើមអាណត្តិទី៧ ឆ្នាំ២០២៣ ក្នុងរយៈពេលយ៉ាងខ្លីខាងមុខនេះ។
លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន គឺជាបុគ្គលលេចធ្លោជាងគេក្នុងចំណោមក្រុមអ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា។ជានាយឧត្តមសេនីយ៍ផ្កាយមាស៤ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point និង បានទទួលសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចពីសកលវិទ្យាល័យ Bristol នៃប្រទេសអង់គ្លេស។ក្រៅពីមុខជំនាញទាំងពីរនេះ លោក ហ៊ុន ម៉ាណែត សិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ មានមុខតំណែងគន្លឹះ និងការទទួលខុសត្រូវជាច្រើន នៅក្នុងវិស័យយោធា និង នៅក្នុងជួរគណបក្សប្រជាជន។
ក្នុងជួរគណបក្ស លោក ហ៊ុន ម៉ាណែត គឺជាសមាជិកវ័យក្មេងជាងគេនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ហើយលោក និងភរិយា គឺលោកស្រី ពេជ្រ ច័ន្ទមុន្នី បានធ្វើយ៉ាងសស្រាក់សស្រាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា នារយៈពេលពីរឆ្នាំចុងក្រោយនេះដោយទទួលបានការគោរពស្រឡាញ់ពីមហាជនខ្មែរជាច្រើនផងដែរ៕