ចិន៖ ព្យុះទីហ្វុង Doksuri (ដុកសូរី) បានបកបោកខិតជិតមកដល់ខេត្តភាគខាងកើតនៃប្រទេសចិន ក្រសួងឧតុនិយមកណ្តាលនៃប្រទេសចិន ជូនដំណឹងដល់ប្រជាជនខ្លួនឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលរស់នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រភាគខាងកើតរបស់ចិន ដើម្បីកាត់បន្ថយផលប៉ះពាល់ និងការបំផ្លិចបំផ្លាញនៃព្យុះទីហ្វុង Doksuri (ដុកសូរី) ដែលនឹងខិតចូលមកដល់នាពេលខាងមុខនេះ។
បើយោងតាមការអង្កេតក្រសួងឧតុនិយមកណ្តាល បានឲ្យដឹងថា ព្យុះទីហ្វុង Doksuri (ដុកសូរី)លើកទី៥ ក្នុងឆ្នាំនេះ ដែលបានកើតឡើងកាលពីថ្ងៃសុក្រ នឹងបានបង្កើនទៅជាព្យុះទីហ្វុងដ៏ខ្លាំងខ្លាមិនធ្លាប់មាន។ ព្យុះទីហ្វុងនឹងកើតឡើងនៅលើមហាសមុទ្រប្រហែល ៩០០ គីឡូម៉ែត្រទៅភាគអាគ្នេយ៍ជិតសមុទ្រតៃវ៉ាន់ដែលមានខ្យល់បក់រហូតដល់ ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានគេព្យាករណ៍ថានឹងបង្កើតទៅជាព្យុះទីហ្វុងធំ នៅពេលវាខិតជិតជិតមកដល់ឆ្នេរសមុទ្រភាគខាងត្បូងនៃកោះតៃវ៉ាន់ នឹងបោកបក់មកលើឆ្នេរនៃខេត្ត Fujian នៅព្រឹកថ្ងៃសុក្រ មុនពេលធ្វើដំណើរទៅទិសខាងជើងឆៀងខាងលិច។
ជាមួយគ្នានេះដែរខេត្ត Fujian បានចាប់ផ្តើមានការប្រុងប្រយ័ត្ននៃការមកដល់នៃព្យុះទីហ្វុង ដោយតម្រូវឱ្យនាវានេសាទទាំងអស់ដែលកំពុងប្រតិបត្តិការនៅសមុទ្រចូលចតនៅកំពង់ផែដែលនៅជិតបំផុត ហើយសមាជិកនាវិកទាំងអស់ត្រូវត្រឡប់ទៅច្រាំងវិញ។ ហើយក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងអាចនឹងវាយប្រហារផ្នែកខ្លះនៃខេត្ត Zhejiang (ស៊ីជាំង)។
លោក Li Zhilong (លី ស៊ីឡុង) អ្នកព្យាករណ៍នៃមជ្ឈមណ្ឌលតាមដាន និងព្យាករណ៍បរិស្ថានសមុទ្រ បានព្រមានថា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ ទីក្រុងនឹងមានជំនោរតិច និងជំនោរក្នុងកម្រិតមធ្យម ជាមួយនឹងខ្យល់បក់ខ្លាំង និងរលក ។ ហើយទីក្រុង Wenling (វិនលីង) នៃខេត្ត Zhejiang (ស៊ីជាំង)បានជូនដំណឹងដល់អ្នកនេសាទឱ្យត្រៀមខ្លួនសម្រាប់ការជម្លៀស ខណៈដែលខ្យល់បក់ខ្លាំង អមដោយរលកដ៏ធំដែលមានកម្ពស់ពី ៤ ទៅ ៥,៥ ម៉ែត្រ ត្រូវបានព្យាករណ៍ថានឹងកើតឡើងនៅក្នុងសមុទ្រចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រនាសប្តាហ៍នេះ៕