អ៊ីរ៉ង់៖ កងកម្លាំងទ័ពអាកាសសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (IRIAF) នាថ្ងៃ ច័ន្ទនេះបានចាប់ផ្តើមសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំមួយនៅក្នុងខេត្ត Isfahan ភាគកណ្តាលកាលនៃប្រទេសអ៊ីរ៉ង់ សមយុទ្ធនេះធ្វើឡើងចំពេលជម្លោះរវាងប្រទេសខ្លួន និងអ៊ីស្រាអែលកំពុងតែខិតចូលបន្ទាន់ក្រហម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍។
កងទ័ពមកពីមូលដ្ឋានទ័ពអាកាសទាំងអស់បានចូលរួមសមយុទ្ធយោធាដែលមានរហស្សនាមថា Fadaeian-e Harim-e Velayat លើកទី 11 (11th Devotees of Velayat Airspace)។ សមយុទ្ធដ៏ក្តៅគកុកនេះមានយន្តហោះស្ទាក់ចាប់ យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះគ្មានមនុស្សបើក (UAVs) ចំនួន ៩២ គ្រឿង នឹងចូលរួមក្នុងសមយុទ្ធនេះ ដែលបង្ហាញពីប្រតិបត្តិការឈ្លបយកការណ៍ ការបំផ្លាញគោលដៅលើដី និងអាកាស សង្គ្រាមចិត្តសាស្ត្រ និងការសាកល្បងប្រព័ន្ធ ព្រមទាំងឧបករណ៍យោធាទំនើបៗរបស់ខ្លួន។
មន្រ្តីអ៊ីរ៉ងបានគូសបញ្ជាក់ថាសមយុទ្ធនេះមានគោលបំណងពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ពអាកាស និងជ្រើសរើសយុទ្ធសាស្ត្រដ៏ល្អបំផុតសម្រាប់ការប្រយុទ្ធក្នុងសមភូមិពិតជាក់ស្តែង ដែលពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក និងនិងយន្តហោះច្បាំងពិសេសៗជាច្រើនប្រភេទទៀត។
ចំណែកឧត្តមសេនីយទោអ៊ីរ៉ង់លោក Alireza Rudbari ដែលជាអ្នកដឹកនាំនៃសមយុទ្ធនេះ បានឲ្យដឹងថាដំណាក់កាលសំខាន់នៃសមយុទ្ធយោធានេះ រួមមានការកំណត់គោលដៅ និងការចូលរួមពីគោលដៅអាកាសក្នុងរយៈកម្ពស់ និងល្បឿនខុសៗគ្នា ដោយប្រើប្រភេទផ្សេងគ្នានៃមីស៊ីល និងគ្រាប់រ៉ុក្កែត។ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីប្រតិបត្តិការជោគជ័យនៃការចាក់សាំងពាក់កណ្តាលអាកាសរបស់យន្តហោះចម្បាំង F-14 នៅរយៈកម្ពស់ខ្ពស់ក្នុងអំឡុងពេលសមយុទ្ធ។
តាមរយៈការរៀបចំសមយុទ្ធនេះ គោលបំណងសំខាន់របស់អ៊ីរ៉ង់គឺធានាសន្តិសុខយូរអង្វែងនៅក្នុងតំបន់ និងការពារដែនអាកាសរបស់ប្រទេសខ្លួន៕